logo
Header Logo
News Detail
thumbnail
បណ្ឌិត្យសភានគរបាលកម្ពុជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ស្តីពីការកិច្ចសហការបណ្តុះស្មារតីស្នេហាជាតិ និងអប់រំផ្លូវចិត្តតាមទ្រឹស្តីព្រះពុទ្ធសាសនា
312
02-Sep-2024
National news
Link

នៅព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា និងថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដឹកនាំដោយសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ បានអញ្ជើញនិងនិមន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី«កិច្ចសហការបណ្តុះស្មារតីស្នេហាជាតិនិងការអប់រំផ្លូវចិត្តតាមទ្រឹស្តីព្រះពុទ្ធសាសនា» ដើម្បីបណ្តុះស្មារតីដល់គ្រូ មន្ត្រី និងអ្នកសិក្សានៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំរំដួល(ជាន់ទី៤)នៃទីស្តីការក្រសួងមហាផ្ទៃ។


ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភា បានថ្លែងគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ ស្តីពី«កិច្ចសហការបណ្តុះស្មារតីស្នេហាជាតិនិងការអប់រំផ្លូវចិត្តតាមទ្រឹស្តីព្រះពុទ្ធសាសនា» មានគោលបំណងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការគោរពវិន័យ ឥរិយាបថការងារ និងសមត្ថភាពផ្លូវចិត្តរឹងមាំ ដល់គ្រូ មន្ត្រី និងអ្នកសិក្សានៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេស ផ្តល់សេវានគរបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយស្មារតីស្នេហាជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


ក្នុងឱកាសនោះ សម្តេចព្រះមហាអរិយវង្សបណ្ឌិត បានមានព្រះថេរដីការថា ផ្អែកលើកត្តាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង វប្បធម៌ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតប្រជាជាតិខ្មែរតាំងពីបុរាណកាលមក ទោះជាមានហេតុការណ៍ចលាចលជាញឹកញាប់ ដោយពួកជនបរទេសចូលលុកលុយ បំផ្លិចបំផ្លាយទ្រព្យសម្បត្តិនិងអាយុជីវិតយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែព្យាយាមការពារនិងថែរក្សាព្រះពុទ្ធសាសនា រហូតក្លាយជាប្រទេសពុទ្ធសាសនិកពេញទី ហើយទទួលស្គាល់តាមរដ្ឋធម្មនុញ្ញនូវព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋថែមទៀត។ ជាក់ស្តែង ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសង្គមកម្ពុជាបច្ចុប្បន្ន ដូចជា ការអប់រំផ្លូវចិត្ត ការកសាងធនធានមនុស្ស ការកសាងរចនាសម្ព័ន្ធ ការចូលរួមកសាងក្នុងវិស័យសង្គមកិច្ចជាដើម។ 


ដោយមើលឃើញតម្លៃនៃព្រះពុទ្ធសាសនានិងមានឆន្ទៈរួមគ្នាក្នុងវិស័យអប់រំ ការសិក្សាស្រាវជ្រាវ និងការបណ្តុះគំនិតស្នេហាជាតិឱ្យកាន់តែរឹងមាំ ដើម្បីចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ឥរិយាធម៌សង្គម សាសនា វប្បធម៌ ទំនៀមទំលាប់ប្រពៃណីឱ្យកាន់តែខ្ពស់ត្រដែត ទើបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ចុះMoU ជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីចងសម្ព័ន្ធភាពជាមួយគ្នាលើកិច្ចសហការបណ្តុះស្មារតីស្នេហាជាតិនិងការអប់រំផ្លូវចិត្តតាមទ្រឹស្ដីព្រះពុទ្ធសាសនានេះឡើង៕ 


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior