logo
Header Logo
News Detail
thumbnail
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអន្តរទីបការាម ក្នុងស្រុកបាណន់
306
05-Apr-2025
National news
Link

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអន្តរទីបការាម (ហៅវត្តអណ្តូងស្វាយ) ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូអមដំណើរ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងរាស្ត្រ សមាជិក សមាជិកា ថ្នាក់ដឹកនាំ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ព្រះមន្ត្រីសង្ឃស្រុក ចៅអធិការ អាចារ្យគណៈកម្មការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន យុវនារីក្នុងស្រុក និងប្រជាពុទ្ធបរិស័ទ សរុបចំនួន១៤២០នាក់ ដែលប្រារព្ធធ្វើឡើងនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។


អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងគ្រប់ប្រភេទ នៃខេត្តបាត់ដំបង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។


សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ ផល ជាប្រធាន ព្រមទាំងបងប្អូនសប្បុរសជនដែលបានបរិច្ចាគនូវធនធាន ជាថវិកា សម្ភារយ៉ាងច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យ ផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង។ 


ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចក្រឡាហោម មានប្រសាសន៍ បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាព របស់ ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់ វិស័យជាបន្តទៀត។ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យ នៅកម្រិតអប្បបរិមា។ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា នៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។ 


ទន្ទឹមនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធ តុលាការ ការលើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងជំងឺឆ្លងរាតត្បាត នានានៅតាមមូលដ្ឋាននីមួយៗ។ ជាមួយនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សយើង ក្តីបារម្ភក៏លេចឡើងមកជាមួយគ្នាដែរ នៅពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមអនប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។ ក្នុងន័យនេះ សម្តេចសូមស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្មួយៗ ជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ចូលរួមបង្ការ ទប់ស្កាត់អំពើ ឆបោក តាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។ សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ត្រូវប្រកាន់ខ្ជាប់នូវធម៌ព្រះពុទ្ធ ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ដល់ពុទ្ធសាសនិកជំនាន់ក្រោយ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីប្រែក្លាយឱ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យ កាន់តែរឹងមាំល្អផូរផង់។ 


បន្ថែមលើនេះ សម្តេចស្នើសូមព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការ គ្នាឱ្យកាន់តែល្អប្រសើរឡើងតាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវការ ឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អដល់ពុទ្ធបរិស័ទ។ សូមអាចារ្យ-អាចារិនីបង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ ដើម្បីបម្រើព្រះពុទ្ធសាសនា និងប្រជាជនគ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អ ផូរផង់របស់ខ្មែរយើង និងចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម។ បន្ថែមលើនេះ អាចារ្យ-អាចារិនី និងពុទ្ធបរិស័ទមិនត្រូវសម្តែងសកម្មភាពណាមិន សមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើឱ្យប៉ះពាល់ដល់ គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាព នៃព្រះពុទ្ធសាសនាជាតិយើងឡើយ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior