logo
Header Logo
News Detail
thumbnail
ប្រតិបត្តិការ២ទីតាំងនៅបាវិត ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង៦០០នាក់! លោក ទូច សុឃៈ ចាត់ទុកលទ្ធផលនេះជាទឡ្ហីករណ៍នៃភាពប្រាកដនិយមរបស់កម្ពុជា
873
07-Nov-2025
National news
Link

យ៉ាងហោចណាស់មានជនសង្ស័យ ចំនួន៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹង នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។


បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។


ក្នុងប្រតិបត្តិការនោះ លោក ទូច សុឃៈ បានលម្អិតថា គោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន៥៧នាក់ ស្រី១៥នាក់ មាន៦សញ្ជាតិ ក្នុងនោះមានជនជាតិខ្មែរចំនួន១២នាក់ ធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ។ ចំណែកគោលដៅទី២ គឺអគារភ្លោះកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផល រកឃើញជនបរទេសសរុបចំនួន៦០១នាក់ មាន៤សញ្ជាតិ។


អ្នកនាំពាក្យរង បានលម្អិតបន្ថែមក្នុងន័យដើមថា "តាមរយៈការត្រួតពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច័យបឋម គណៈកម្មការចំពោះកិច្ច ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយ នាយឧត្ដមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការ បានសន្និដ្ឋានថា គោលដៅទី១ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។ ចំណែកគោលដៅទី២ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់ បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូនិងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណ"។


គួរកត់សម្គាល់ថា សមត្ថកិច្ចកម្ពុជា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុង និងក្រៅតំបន់ជាច្រើនករណី។


លោក ទូច សុឃៈ បានអះអាងថា ប្រតិបត្តិការខាងលើនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីឆន្ទៈពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមរបស់កម្ពុជាដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ ជាក់ស្ដែង ក្នុងអាណត្តិទី៦ កម្ពុជាបានបណ្ដេញចេញ ជនបរទេសពាក់ព័ន្ធ ចំនួន២១.០០០នាក់ និងបានបណ្ដេញចេញ ចំនួន១៥.០០០នាក់ ក្នុងរយៈពេលជាង២ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ បើគិត ក្នុងរយៈពេល៩ខែ នៃ ឆ្នាំ២០២៥ លោក ទូច សុឃៈ បន្ថែមទៀតថា នគរបាលជាតិកម្ពុជា បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៤៨លើក និងបាន បណ្ដេញជនបរទេស ចេញពីកម្ពុជាសរុបចំនួន ២.៧២២នាក់៕

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior