

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ផែនការងារអន្តោប្រវេសន្ត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បានបើកកិច្ចប្រជុំផ្សព្វផ្សាយការធ្វើបច្ចុប្បន្នភាពនិងបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត
ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានអន្តោប្រវេសន្តនិងជនភៀសខ្លួន និងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន្ត តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលការងារអន្តោប្រវេសន្ត និងសន្តិសុខ នៃអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩ ព្រមទាំងលោកប្រធានសមាគមន៍ជនជាតិវៀតណាម ប្រចាំខេត្តបន្ទាយមានជ័យផងដែរ។
លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានអន្តោប្រវេសន្ត និងជនភៀសខ្លួន បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាព បញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយ លិខិតបទដ្ឋាននានា ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ នៃខេត្តបន្ទាយមានជ័យ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ















