logo
Header Logo
News Detail
thumbnail
មកស្វែងយល់ពីដំណើរវិវត្តនៃយានយន្តអគ្គីសនី ខណៈពេលដែលនៅជុំវិញពិភពលោក រួមទាំងកម្ពុជា បានងាកទៅប្រើប្រាស់យានយន្តប្រភេទនេះ
929
03-Dec-2024
Technology News
Link

សព្វថ្ងៃនេះ យើងសង្កេតឃើញថា ចំនួនយានយន្តអគ្គីសនីបាននិង​កំពុងមានកំណើននៃការប្រើប្រាស់ ស្របពេលនៃការលេចឡើង​ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ទាំងនៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ខណៈដែលការងាកទៅប្រើប្រាស់យានយន្តប្រភេទនេះបានក្លាយជាទំនោរថ្មីមួយ ដោយសារតែចំណុចពិសេសនៃការសន្សំសំចៃការចំណាយ និងការរួមចំណែកក្នុងការជួយថែរក្សាបរិស្ថានរបស់វា។ 

យានយន្តអគ្គីសនី គឺជាយានជំនិះដែលដំណើរការ​ម៉ាស៊ីនប្រើប្រាស់ថាមពល​អគ្គីសនីទាំងស្រុង ឬជាប្រភេទកូនកាត់ (Hybrid) ដែលប្រើប្រាស់ទាំងថាមពល​អគ្គីសនី និងប្រេងឥន្ធនៈក្នុងពេលតែមួយ ដោយអាគុយដែលបំពាក់លើវាអាច​ធ្វើការសាកបំពេញវិញបាន។

បច្ចុប្បន្ននេះ មានយានយន្តអគ្គីសនីជាច្រើនកំពុងមានវត្តមាននៅតាមដងផ្លូវ ដោយក្នុងនោះរួមមានចាប់តាំងពីកង់ ម៉ូតូ ត្រីចក្រយាន រហូតដល់រថយន្តធន់តូចធំ និងយានជំនិះប្រភេទផ្សេងៗទៀតជាច្រើន។ យានយន្តអគ្គីសនី បានទទួលការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារភាពអំណោយផលនៃគុណសម្បត្តិរបស់វា ដូចជាការចំណាយតិចជាងការប្រើប្រាស់យានយន្តដំណើរការដោយប្រេងឥន្ធនៈ និងការរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នពុលបង្កឡើងដោយផ្សែងដែលជាបញ្ហាប៉ះពាល់ដល់បរិស្ថានដូចជាបម្រែបម្រួលអាកាសធាតុជាដើម។

សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសម្រាប់យានយន្តអគ្គីសនី ដូចជាការផ្តោតសំខាន់លើការពង្រីកការលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តប្រភេទនេះនៅតាមទីក្រុងតាមរយៈការបង្កើតបរិយាកាសងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដូចជា ផ្លូវថ្នល់ដែលសមស្រប​តាមស្តង់ដា​ក្នុងការប្រើប្រាស់យានយន្តប្រភេទនេះ ប្រភពថាមពលដែល​អាចជឿទុកចិត្ត បង្កើនស្ថានីយសាកថ្មឱ្យបានច្រើន និងវិធីសាស្រ្តសំខាន់ៗជាច្រើនទៀត។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គីសនីតាមរយៈការបន្ធូរបន្ថយពន្ធសម្រាប់ការនាំចូល និងផ្តល់ការសម្របសម្រួលដល់ការបើករោងចក្រផលិតសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដែលមានចំណាប់អារម្មណ៍ចង់បោះទីតាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលនេះគឺជាចំណុចសំខាន់ៗក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានចក្ខុវិស័យរយៈពេលវែងក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូនជាមួយការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យនូវចំនួននៃការប្រើប្រាស់រថយន្តអគ្គីសនីតូចធំឲ្យបាន ៤០ភាគរយ និងម៉ូតូអគ្គីសនីឲ្យបាន ៧០ភាគរយនៅត្រឹមឆ្នាំ២០៥០។

យ៉ាងណាមិញ ក្រៅពីគុណសម្បត្តិនៃការសន្សំសំចៃ និងការពារបរិស្ថាន យានយន្តអគ្គីសនីក៏មានចំណុចមួយចំនួនដែលនាំឱ្យអ្នកប្រើប្រាស់មានការពិបាក ឬរារែកក្នុងការសម្រេចចិត្តប្រើប្រាស់វាផងដែរ។ តួយ៉ាង យានយន្តប្រភេទប្រើប្រាស់អគ្គីសនីសុទ្ធត្រូវចំណាយពេល ដើម្បីសាកបំពេញថាមពលទៅកាន់អាគុយ ដែលតម្រូវឱ្យរថយន្តចតនៅនឹងកន្លែង ដែលនេះមិនផ្តល់នូវលក្ខណៈបត់បែនសម្រាប់ការ ប្រើប្រាស់នោះទេ ព្រោះក្នុងករណីខ្លះ ប្រសិនបើយានយន្តអស់ថាមពលអគ្គីសនីពីអាគុយ នោះវានឹងមិនអាចដំណើរការទៅមុខបានទេ ដែលនេះខុសពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ឬប្រភេទកូនកាត់ (Hybrid) ដែលអាចដំណើរការបានគ្រប់ពេលនៅពេលដែលមានប្រេងឥន្ធនៈភ្លាមៗ។ ក្រៅពីត្រូវការពេលសម្រាប់សាកថាមពលទៅកាន់អាគុយហើយ យានយន្តប្រភេទនេះត្រូវការបរិក្ខា និងថាមពលអគ្គីសនីទំហំធំ ដែលស្របតាមកម្រិតស្តង់ដា ដែលពិបាករកនៅតំបន់ឆ្ងាយពីទីក្រុង ឬទីប្រជុំជន។ ចំណុចមួយទៀតនោះគឺទាក់ទងនឹងតម្លៃដោយសព្វថ្ងៃនេះ យានយន្ត ឬរថយន្តអគ្គីសនីភាគច្រើននៅក្នុងទីផ្សារប្រទេសកម្ពុជានៅស្ថិតក្នុងកម្រិតតម្លៃខ្ពស់ ឬបង្គួរ និងមិនមានស្ថិរភាពតម្លៃនៅឡើយ ដែលនេះគឺលើសពីលទ្ធភាព​របស់អ្នកប្រើប្រាស់ ឬមិនមានហេតុផលសមស្របដែលអ្នកប្រើប្រាស់​ត្រូវសម្រេចចិត្តជ្រើសរើសយកពីទៅប្រើនោះឡើយ។

នាថ្ងៃអនាគត ប្រសិនបើក្តីព្រួយបារម្ភ ឬឧបសគ្គទាំងនេះត្រូវបានដោះស្រាយ នោះទំនោរនៃការងាកទៅប្រើប្រាស់យានយន្តអគ្គីសនីនឹងកាន់តែមានសន្ទុះកើនឡើង ហើយវានឹងក្លាយជាចលករមួយក្នុងការជម្រុញគោលនយោបាយអព្យាក្រឹតកាបូនរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានជោគជ័យស្របតាមផែនការដែលគ្រោងទុក៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior