

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំ ស្ថិតក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំ «កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំខែតុលា ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តបន្ត» និងពិធីប្រកាសផ្ទេរកែសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពីសំណាក់ លោក-លោកស្រី ជាស្នងការរង, នាយ-នាយរងការិយាល័យជំនាញ, លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក, លោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវបទបញ្ជា និងវិធានការម៉ត់ចត់មួយចំនួន ពាក់ព័ន្ធទៅនឹងតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ពិសេសនគរបាលនៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តបាត់ដំបង ដូចខាងក្រោម៖
-ពង្រឹងសមត្ថភាព និងការយល់ដឹង៖ កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ដោយផ្តោតលើការងារជំនាញនគរបាល ព្រមទាំងតាមដានជាប់ជាប្រចាំចំពោះសភាពការណ៍វិវឌ្ឍន៍ថ្មីៗក្នុងសង្គម ដើម្បីបត់បែនឆ្លើយតបឱ្យបានលឿន និងឆាប់រហ័សស្របតាមស្ថានភាពជាក់ស្តែង។
-បង្កើនប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ៖ មន្ត្រីនគរបាលថ្នាក់មូលដ្ឋាន នៅតាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ លឿនឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ត្រូវមានវត្តមានប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដើម្បីទទួល និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនត្រូវធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្ត ឬរុញរែកាតព្វកិច្ចដាក់គ្នានោះឡើយ គឺត្រូវរិះរកវិធានការដោះស្រាយជូនគាត់ស្របតាមជំនាញ វិជ្ជាជីវៈ និងច្បាប់ជាធរមាន។
-អនុវត្តវិន័យម៉ត់ចត់លើការបើកបរ៖ ដាច់ខាតចំពោះមន្ត្រីនគរបាលណាដែលស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ នឹងត្រូវប្រឈមមុខការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
-រៀបចំសណ្តាប់ធ្នាប់ និងត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស៖ ផែនការងារនគរបាលសណ្តាប់ធ្នាប់ ត្រូវចាត់វិធានការចំពោះយានយន្តគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬខុសលក្ខណៈបច្ចេកទេស ដែលតែងបង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។ ត្រូវចុះត្រួតពិនិត្យដល់ទីតាំង ប្រសិនបើមិនត្រឹមត្រូវ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ ឬផ្អាកអាជីវកម្មតែម្តង។
-ទប់ស្កាត់ការដឹកទំនិញសំពីរស្ពោង និងកកស្ទះចរាចរណ៍៖ ត្រូវត្រួតពិនិត្យឡើងវិញចំពោះការដឹកទំនិញសំពីងសំពោង និងរថយន្តធុនធំដែលបើកចូលក្រុងបាត់ដំបង ផ្ទុយពីបម្រាមរបស់រដ្ឋបាលខេត្ត។ បន្ថែមពីនេះ ត្រូវម្ចាស់ការចាត់ចែងកម្លាំងសម្រួលចរាចរណ៍ នៅតាមចំណុចដែលតែងតែកកស្ទះនាពេលល្ងាច ជាពិសេសនៅក្បាលស្ពានផ្លូវលេខ១ ក្នុងក្រុងបាត់ដំបង និងដងផ្លូវមមាញឹកផ្សេងទៀត ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង











