logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
34
09-Oct-2026
Sub-nation news
Link

(កំពង់ចាម)៖ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ត្រីពន្ធនាគារ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងយោធភូមិភាគទី២ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងវរសេនាតូចលេខ១ និងវរសេនាតូចលេខ២ កងកម្លាំងចារកិច្ច អ្នកសារព័ត៌មាន អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។


ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តកំពង់ចាម ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ទាំងការផ្តល់សេវាសាធារណៈ និងការដោះស្រាយតម្រូវការ ព្រមទាំងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។


ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ចាម ត្រូវបន្តខិតខំបំពេញការងារទៅមុខទៀត ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវគោលជំហរមុតមាំ និងតស៊ូជម្នះរាល់ឧបសគ្គ។ ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ព្រមទាំងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តទៀតថា ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ការយល់ដឹងអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្តានុពលមួយ ដែលអាចជួយសម្រួលដល់ការវិភាគទិន្នន័យ ការរៀបចំឯកសារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។


ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់បច្ចេកវិទ្យា AI ត្រូវធ្វើឡើងដោយមានស្មារតីទទួលខុសត្រូវ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ដោយប្រើប្រាស់ AI ជាជំនួយការក្នុងការបំពេញការងារ ប៉ុន្តែការសម្រេចចិត្ត និងការត្រួតពិនិត្យចុងក្រោយ ត្រូវស្ថិតក្រោមការទទួលខុសត្រូវរបស់មនុស្ស។


ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្ត បានសម្តែងនូវការគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបានសេចក្តីសុខចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior