ខេត្តក្រចេះ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ នៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ផ្តល់ប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍស្រុក សំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព តាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធទៅនឹងបញ្ហា និងការសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត បានមានប្រសាសន៍ ជំរុញដល់អង្គភាពស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវស្វែងយល់លើគ្រប់បញ្ហា និងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង ក្នុងការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ គឺត្រូវធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែមាន ជំនឿជឿជាក់ មកលើការដឹកនាំរបស់អាជ្ញាធរ ជាពិសេសមេឃុំ-ចៅសង្កាត់ ហើយក្នុងនោះអាជ្ញាធរខេត្ត និងធ្វើការពិនិត្យ និងតាមដានរាល់បញ្ហា ព្រមទាំងរកដំណោះស្រាយ ដើម្បីឈានទៅធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះបានទទួលសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន១៨ករណី ហើយបានដោះអស់ទាំង១៨ករណី ទៅនិងកន្លែងភ្លាមៗ និងបានជំរុញដល់អាជ្ញាធរឃុំ-ស្រុក ត្រូវចុះធ្វើការដោះស្រាយបញ្ហាដែលបងប្អូនប្រជាពលរដ្ឋ បានស្នើសុំឱ្យជួយដោះស្រាយនោះឱ្យបានទាន់ពេលវេលាដែលបងប្អូនប្រជាពលរដ្ឋត្រូវការ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ