logo
Header Logo
News Detail
thumbnail
តើ​ QR code គឺជាអ្វី? ហើយដំណើរការដើម្បីអ្វី?​
2K
01-Sep-2024
Technology News
Link

ក្នុងពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការប្រាស្រ័យទាក់ទងក្នុងជីវភាពរស់នៅប្រចាំថ្ងៃភាគច្រើនសុទ្ធសឹងតែធ្លាប់លឺ និងកំពុងប្រើប្រាស់ QR code។  

ថ្ងៃនេះក្រុមការងារនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមលើកយកនិយមន័យពាក្យ QR codes ប្រវត្តិរបស់វា និងរបៀបដែលវាដំណើរការមកធ្វើការចែករំលែកដើម្បីស្វែងយល់ពីបច្ចេកវិទ្យាមួយប្រភេទនេះ។ 


QR code ឫ Quick Response code គឺជាកូដដែលមានរាងការ៉េ ផ្សំឡើងពីបណ្តុំនៃដុំការ៉េពណ៌សខ្មៅតូចៗជាច្រើននៅខាងក្នុងដែលមានផ្ទុកទិន្នន័យដែលវាអាចជាតំណភ្ជាប់ទៅកាន់គេហទំព័រ (URL) លេខសម្គាល់គណនីធនាគារ តំណភ្ជាប់ទៅកាន់ Wi-Fi និងព័ត៌មានផ្សេងៗជាច្រើនដែលត្រូវបានកំណត់ដោយអ្នកដែលបង្កើតវាឡើង។  


ជាមួយការប្រើប្រាស់បច្ចេកវិទ្យានេះ អ្នកប្រើប្រាស់មិនចាំបាច់ធ្វើការវាយបញ្ចូលអាសយដ្ឋានគេហទំព័រ ឫធ្វើការស្វែងរកផ្សេងៗទៀតឡើយ ពោលគឺគ្រាន់តែទាញទូរសព្ទ ឫឧបករណ៍ឆ្លាតវៃដែលមានកាម៉េរាមកស្គែនលើកូដនេះ នោះព័ត៌មានដែលត្រូវការនឹងបង្ហាញឡើងតែម្តង។ 


QR code ត្រូវបានបង្កើតនៅឆ្នាំ 1994 ដោយក្រុមហ៊ុនជប៉ុន Denso Wave ដែលត្រូវបានស្រាវជ្រាវ និងបង្កើតឡើងសម្រាប់ប្រើប្រាស់ជាកូដសម្គាល់គ្រឿងបន្លាស់រថយន្ត ដែលបានវិវត្តិពីការប្រើប្រាស់ Barcode។ QR code ដំណើរការដោយប្រើប្រាស់មុខងារសិក្សាពីចំណុចខ្វះខាតនៃរូបភាពរបស់ codes នេះ ដែលមានឈ្មោះថា Reed-Solomon ដោយវាមានសមត្ថភាពអាចធ្វើការត្រួតពិនិត្យ និងបកស្រាយបណ្តុំដុំការ៉េពណ៌សខ្មៅនៅលើកូដនោះរហូតបានដោយត្រឹមត្រូវ។ ដុំការ៉េពណ៌សខ្មៅដែលស្ថិតនៅក្នុងផ្ទៃការ៉េធំមួយនោះ មានផ្ទុកទៅដោយលេខកូដដែលជាតំណភ្ជាប់ទៅកាន់ប្រភពទិន្នន័យដែលអ្នកប្រើប្រាស់ធ្វើការស្វែងរក។  


បច្ចុប្បន្ន បច្ចេកវិទ្យាកូដមួយនេះបានទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ដោយអ្នកប្រើប្រាស់បច្ចេកវិទ្យាបានទាញយកផលប្រយោជន៍កាន់តែទូលំទំលាយពីការប្រើប្រាស់វានៅក្នុងវិស័យនានារាប់ចាប់តាំងពី ហរិញ្ញវត្ថុ សន្តិសុខ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតជាច្រើន។ វាបានសម្រួលដល់ប្រតិបត្តិការណាដែលតម្រូវឱ្យប្រើប្រាស់ពេលវេលាយូរ តួយ៉ាងដូចជា ការទូទាត់ថ្លៃទំនិញតាមប្រព័ន្ធអេឡិចត្រូនិចជាដើម ដោយសព្វថ្ងៃអ្នកទិញមិនចាំបាច់សួររកលេខកូដគណនីរបស់អ្នកលក់ទៀតនោះទេ ពោលគឺគេគ្រាន់តែស្គែនលើរូប QR code ដែលអ្នកលក់ដាក់បង្ហាញ នោះព័ត៌មានដែលត្រូវការសម្រាប់ការទូទាត់នឹងបង្ហាញដោយស្វ័យប្រវត្តិ។ 


ទោះបីជាបានផ្តល់អត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាយ៉ាងណាក្តី QR codes 

ក៏មានហានិភ័យដែលគួរប្រុងប្រយ័ត្នផងដែរ។ កូដនេះពេលខ្លះអាចមានផ្ទុកព័ត៌មានផ្ទាល់ខ្លួន, ព័ត៌មានសម្ងាត់, ឫព័ត៌មានសំខាន់ផ្សេងៗ ដែលអាចត្រូវបានជនទុច្ចរិតប្រើប្រាស់ក្នុងគោលដៅមិនល្អ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការខាតបង់។ ក្រៅពីនេះ ក្នុងករណីខ្លះទៀត វាអាចមានផ្ទុកមេរោគដែលអាចវាយប្រហារ ឫបំបែកប្រព័ន្ធសុវត្ថិភាពរបស់ទូរសព្ទរបស់ប្រើប្រាស់ ឫប្រព័ន្ធបច្ចេកវិទ្យា ហើយធ្វើការទាញយកព័ត៌មានសំខាន់ ប្រសិនបើអ្នកប្រើប្រាស់ធ្វើការស្គែន QR codes ដែលមិនដឹងប្រភពច្បាស់លាស់។ 


ដើម្បីការពារសុវត្ថិភាព សូមធ្វើការស្វែងយល់ ឫពិនិត្យពីប្រភពនៃ QR codes ជាមុនសិន មុននឹងធ្វើការស្គែន។ ការប្រើប្រាស់បច្ចេកវិទ្យា ពិតជាបានជួយសម្រួលយ៉ាងច្រើនដល់ការរស់នៅ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ វាក៏បានបង្កជាហានិភ័យដ៏គួរឱ្យព្រួយបារម្ភ និងប្រុងប្រយ័ត្នផងដែរ ដោយអ្នកប្រើប្រាស់អាចក្លាយជាជនរងគ្រោះដោយសារការបោកបញ្ឆោត ការវាយប្រហារ ការលួចយកព័ត៌មាន ឫក្រោមរូបភាពផ្សេងៗទៀត។ ក្នុងពិភពបច្ចេកវិទ្យា សូមធ្វើការស្វែងយល់ពីអ្វីដែលយើងបម្រុង និងកំពុងប្រើប្រាស់ជាមុនសិន មុននឹងប្រើប្រាស់វាសម្រាប់ធ្វើការងារសំខាន់ៗ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior