

នៅរសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ រួមមានសមាគមអ្នកលក់ឱសថកម្ពុជា, សមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា, និងសមាគមសម្ព័នភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា នៅបន្ទប់ប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមទាំង០៣ សរុបចំនួន ២២ នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តពិភាក្សាផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលបន្ថែម សម្រាប់ការពិនិត្យលទ្ធភាពសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ដែលគ្រោងមានអ្នកចូលរួមប្រមាណពី៤០០០ ទៅ ៥០០០នាក់ ដែលជាអាជីវករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្ចាស់សហគ្រាសធុនតូចនិងមធ្យម វិនិយោគគិន រួមទាំងតួអង្គពាក់ព័ន្ធមួយចំនួនទៀតក្នុងវិស័យឯកជន និងដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ នៅពេលខាងមុខនេះ។ ពាក់ព័ន្ធនឹងគម្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ គ.ប.ផ.ក. នឹងគោរពរាយការណ៍ជូន និងស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យការរៀបចំទទួលបានជោគជ័យ តាមការគ្រោងទុក សំដៅចូលរួមចំណែកការពារសុខភាពប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចសង្គម៕









