

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា ក្រុងសំពៅពូន គឺជាក្រុងមួយដែលមានសក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងការទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះ ហើយក៏ជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀតដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។ ការលើកឡើងនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ភូមិ សរុបចំនួន ៨០៣០បណ្ណ ស្ថិតនៅភូមិក្បាលកោះ ភូមិឈើខ្មៅ ភូមិចុងកោះ ភូមិត្រពាំងជ្រៃ ភូមិត្រើយកោះ ភូមិក្បាលជ្រោយ ភូមិកោះតូច ភូមិចុងខ្សាច់ ភូមិធំភូមិថ្មី ភូមិទួលស្វាយ សង្កាត់ឈើខ្មៅ ខេត្តកណ្តាល នៅបរិវេណវត្តត្រពាំងជ្រៃ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បន្តថា នៅរដូវទឹកសម្រកខាងមុខនេះ ផ្នែកខាងកើតទន្លេបាសាក់នៃក្រុងសំពៅពូន នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដោយក្រុមហ៊ុនទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការសាងសង់តាមការសិក្សាគម្រោងរួចហើយ។ ហើយប្រសិនបើមានលទ្ធភាពនឹងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់សំពៅពូន មកសង្កាត់ព្រែកជ្រៃ និងសង្កាត់ឈើខ្មៅ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការអភិវឌ្ឍន៍នៅក្នុងក្រុងសំពៅពូន ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល






