logo
Header Logo
News Detail
thumbnail
ការលះបង់របស់មន្រ្តី មានទាំងរបួសធ្ងន់ និងស្រាល ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤
357
13-Mar-2025
National news
Link

មន្ត្រីនគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួសក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ មានចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល៥នាក់។ នេះបើតាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។ 


បើតាមលោកឧត្តមសេនីយ៍ឯក ក្នុងពេលកើតមានគ្រោះអគ្គិភ័យម្ដងៗ មន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចាត់ទុកបេសកកម្មពន្លត់ និងសង្គ្រោះអាយុជីវិតប្រជាជនជាអាទិភាពបំផុត រហូតពេលខ្លះ ពួកគាត់ត្រូវប្រថុយគ្រោះថ្នាក់ដើម្បីប្ដូរមកវិញនូវសុវត្ថិភាពជនរងគ្រោះដែលកំពុងជាប់ខ្លួនក្រោមអំណាចភ្លើងឆេះសន្ធោសន្ធៅ។ 


នៅពេលមានកម្លាំងណាម្នាក់រងរបួស ទោះធ្ងន់ ឬស្រាលក៏ដោយ លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងអង្គភាព បានគិតគូយ៉ាងគ្រប់ជ្រុងជ្រោយ ទាំងការសង្គ្រោះ ព្យាបាល និងការឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាផ្ដល់កក់ក្ដៅ និងការលើកទឹកចិត្ត ខណៈមន្រ្តីដែលបានលះបង់សុវត្ថិភាពផ្ទាល់ខ្លួនដើម្បីសេចក្ដីសុខប្រជាជន និងមន្រ្តីដែលមានស្នាដៃល្អក្នុងការងារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏ទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ដូចគ្នាដែរ។ 


ក្នុងឆ្នាំ២០២៤ មានអគ្គិភ័យកើតឡើង ចំនួន១ ០៣៥លើក បើធៀបនឹងឆ្នាំ២០២៣ មានចំនួន៧៦៦លើក កើនឡើង២៦៩លើក។ ហេតុការណ៍អកុសលនេះ បានបណ្ដាលឱ្យខូចខាតទ្រព្យសម្បតិ្តជាអាទិ៍ ឆេះផ្ទះចំនួន ៦១៥ខ្នង តូបលក់ដូរ៦៥៨តូប ឃ្លាំង ២៤ខ្នង រោងចក្រ១១ខ្នង រថយន្ត៤៦គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា មូលហេតុបង្កឱ្យមានអគ្គិភ័យ រួមមាន ឆ្លងចរន្តអគ្គិសនី មាន៤៤៥លើក ស្មើនឹង៤៥,៥៩% ប្រើប្រាស់ភ្លើង មាន៣១៧លើក ស្មើ៣២,៤៧% និងផ្ទុះឃ្លាំងគ្រាប់ ១លើក ស្មើនឹង០,១០%។ 


គួរកត់សម្គាល់ថា ក្នុងពេលចេញប្រតិបត្តិការម្ដង ក្រុមការងារស្ម័គ្រចិត្ត និងកងកម្លាំងនគរបាល ពន្លត់អគ្គិភ័យនៅទូទាំងប្រទេសតែងតែជួបបញ្ហាប្រឈមមួយចំនួនដូចជា សំណង់មិនរៀបរយ ផ្លូវចង្អៀត អ្នកបើករយានយន្តគ្រប់មធ្យោបាយមិនផ្តល់សិទ្ធិអាទិភាពដល់រថយន្តពន្លត់អគ្គិភ័យ និងបង្កឱ្យមានការស្ទះចរាចរណ៍ ទឹកមិនគ្រប់គ្រាន់ ហើយមានចម្ងាយឆ្ងាយពីកន្លែងអគ្គិភ័យ ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះវិធានការពន្លត់អគ្គិភ័យបឋមនៅមានកម្រិតនៅឡើយ។ នេះបើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ឯកដដែល។ 


លោកឧត្ដមសេនីយ៍ឯក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទូទៅបង្កើនការប្រុងប្រយ័ត្ន និងត្រូវត្រៀមឧបករណ៍ សម្ភារពន្លត់អគ្គិភ័យបឋម មានដូចជា បំពង់ពន្លត់អគ្គិភ័យ ធុងទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវទុកដាក់សារធាតុងាយឆេះ ឬងាយផ្ទុះគ្រប់ប្រភេទរួមមាន ប្រេងឥន្ទនៈ ហ្គាស ឬឧស្ម័នឱ្យបានត្រឹមត្រូវ ឬដាក់ឱ្យឆ្ងាយពីប្រភពភ្លើង ឬប្រភពកម្ដៅ ហើយមុនពេលចេញពីផ្ទះត្រូវតែបិទប្រព័ន្ធអគ្គិសនី និងពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ឱ្យបានត្រឹមត្រូវ៕



ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior