Operating System (OS) ឫ ប្រព័ន្ធប្រតិបត្តិការ គឺជាប្រព័ន្ធដែលមានតួនាទីរៀបចំ និងគ្រប់គ្រងដំណើរការទូទៅនៅលើឧបករណ៍អេឡិចត្រូនិចដែលមានដូចជា កុំព្យូទ័រ និងទូរស័ព្ទជាដើម។
OS ធ្វើការគ្រប់គ្រងដំណើរការនៃអង្គចងចាំ អង្គគណនា អង្គផ្ទុកទិន្នន័យដែលគេហៅថា ផ្នែករឹង (Hardware) ព្រមទាំងផ្នែកទន់ (Software) ក្នុងឧបករណ៍អេឡិចត្រូនិច។ ប្រព័ន្ធនេះធ្វើការរៀបចំដំណើរការនៃប្រតិបត្តិការនានាដូចជា កំណត់ការបិទ និងបើកគ្រប់គ្រងការប្រើប្រាស់សមត្ថភាពរបស់ផ្នែករឹង និងសម្របសម្រួលដំណើរការនៃកម្មវិធីផ្សេងៗជាដើម។
បច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការត្រូវបានបែងចែកជា ០២ប្រភេទ: គឺប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ និងឧបករណ៍ចល័ត ដោយក្នុងនោះប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ រួមមានដូចជា Windows របស់ក្រុមហ៊ុន Microsoft, macOS របស់ក្រុមហ៊ុន Apple និង Linux ជាដើម។ ដោយឡែក សម្រាប់ឧបករណ៍ចល័តវិញ ប្រព័ន្ធប្រតិបត្តិការដែលកំពុងទទួលបានការពេញនិយមក្នុងពេលសព្វថ្ងៃមានដូចជា iOS របស់ Apple និង Android OS របស់ក្រុមហ៊ុន Google ដែលស្ថិតក្រោមក្រុមហ៊ុនមេ Alphabet ជាដើម។
ចំណែកឯ Application Software វិញ វាគឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ក្នុងគោលបំណងអ្វីមួយដែលច្បាស់លាស់។ ឧទាហរណ៍ដូចជា កម្មវិធីបណ្តាញសង្គម Facebook Instagram TikTok និង X កម្មវិធីផ្ញើសារដូចជា Telegram Messenger WhatsApp និង Cool App របស់កម្ពុជា កម្មវិធីមើលវីដេអូដូចជា Youtube កម្មវិធីកាត់តរូបភាពដូចជា Adobe Photoshop និងកម្មវិធីផ្សេងៗទៀតរាប់លាន ដែលកំពុងមានវត្តមាននៅលើទីផ្សារកម្មវិធីនៃប្រព័ន្ធប្រតិបត្តិការនីមួយៗ។
សរុបមក ប្រព័ន្ធប្រតិបត្តិការ ឫ Operating System គឺជាប្រព័ន្ធដែលដើរតួជាចំណុចប្រទាក់រវាងអ្នកប្រើប្រាស់ និងដំណើរការនៃផ្នែករឹង (Hardware) នៃឧបករណ៍អេឡិចត្រូនិច។
ចំណែកកម្មវិធី ឫ Application Software គឺជាកម្មវិធីដែលមានតួនាទីសម្រាប់បំពេញកិច្ចការជាក់លាក់ណាមួយទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ កម្មវិធី ឫ Application Software មិនអាចដំណើរការបាននោះទេប្រសិនបើគ្មានប្រព័ន្ធប្រតិបត្តិការ (Operating System)៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ