ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព ជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តវរបព្វតារាម (ហៅវត្តភ្នំព្រះ) ស្ថិតក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះថេរានុត្ថេរៈទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ អ្នកចូលរួមសរុបប្រមាណជិត ១ ០០០ អង្គ/នាក់។
ក្រោយបានស្តាប់របាយការណ៍វឌ្ឍនភាពការងារខេត្តកំពង់ស្ពឺ និងរបាយការណ៍អំពីការសាងសង ដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដែលបានលើកឡើងដោយ ឯកឧត្តមអភិបាលខេត្ត មុននេះ ដែលបានបង្ហាញពីសមិទ្ធផលដែលសម្រេចបាន និងការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅតាមទីជនបទដាច់ស្រយាល និងជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់ដ៏មានសក្តានុពលក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ស្ថិតនៅវត្តភ្នំព្រះ នាឱកាសនេះ។ សមិទ្ធផលទាំងអស់នេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ ពីជំនឿយ៉ាងមុតមាំរបស់ពុទ្ធសាសនិក និងការប្តេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការចួលរួមលើកកម្ពស់វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព និងការខិតខំប្រឹងប្រែងទាំងអស់គ្នា។
សូមជម្រាបផងដែរថា វត្តវរបព្វតារាម ហៅវត្តភ្នំព្រះ មានអាយុកាល២០ឆ្នាំហើយ ដែល នៅឆ្នាំ២០០៥ បានបង្កើតត្រឹមជាអាស្រមប៉ុណ្ណោះ លុះដល់ឆ្នាំ២០១៨ ទើបបានក្លាយពីអាស្រម មកជា «វត្តវរបព្វតារាម ហៅវត្តភ្នំព្រះ» ដល់សព្វថ្ងៃនេះ។ សមិទ្ធផលក្នុងវត្តវរបព្វតារាម (ហៅវត្តភ្នំព្រះ) ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារថ្មីទំហំ ទទឹង ៣៦,១០ម៉ែត្រ បណ្តោយ ៤៥,១០ម៉ែត្រ កម្ពស់ ២៥ម៉ែត្រ ព្រមទាំងសាលាធម្មសភា កុដិឈើ ៤ខ្នង ប្រក់ក្បឿងក្បាច់ និងកុដិថ្ម៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ