ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានគណៈកម្មការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរៀបចំឡេីងក្នុងគោលបំណង៖
ទី១. ប្រកាសសមាសភាពតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មការ និងអនុគណៈកម្មការនានាសម្រាប់ការរៀបចំវេទិកា។
ទី២. ពិភាក្សាលើកិច្ចការចាំបាច់នានាដែលត្រូវរៀបចំអនុវត្តសម្រាប់ការត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមជម្រាបជូនថា៖ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រោងនិងរៀបចំឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ មានគោលបំណងពិគ្រោះពិភាក្សា និងរួមគ្នាវាយតម្លៃទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមជាគន្លឹះនានាពាក់ព័ន្ធនឹងកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានក្នុងការកំណត់ និងដាក់ចេញនូវគោលការណ៍តម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទាំងចំពោះមុខ និងសម្រាប់រយៈពេលវែង៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ