ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ នគរបាលជាតិបានឆ្លងកាត់ជាច្រើនជំនាន់ ក្នុងបេសកកម្មធានាការពារសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម។ នៅក្នុងចន្លោះនៃ៨០ឆ្នាំនេះ ក៏មានលោក សែម សាន ម្នាក់ដែរ។ មុនក្លាយជានគរបាល លោកគឺជាគ្រូបង្រៀន នៅភូមិរការឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ ដោយទទួលបានប្រាក់បៀវត្សចំនួន២កាក់។
អតីតគ្រូបង្រៀនរូបនេះ បានប្ដូរពីគ្រូបង្រៀនចូលបម្រើការជានគរបាល នៅអធិការដ្ឋាននគរបាលស្រុកចំការលើអំឡុងឆ្នាំ១៩៨៦។ មួយរយៈមក ស្រុកចំការលើទទួលគោលការណ៍ពីថ្នាក់លើឱ្យសាកល្បងមានប៉ុស្តិ៍នគរបាលឃុំចំនួន៣សិន ហើយលោកក៏ត្រូវបានចាត់តាំងឱ្យធ្វើមេប៉ុស្តិ៍ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិតជាមិនធម្មតា គឺលោកកាន់តួនាទីនេះរហូតដល់ឆ្នាំ២០១០ ដល់អាយុត្រូវចូលនិវត្តន៍តែម្ដង។
ក្នុងការបំពេញបេសកកម្មរយៈពេលជាង៣០ឆ្នាំ អតីតនាយប៉ុស្តិ៍តាអុងរូបនេះ បានរម្លឹកប្រាប់មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា នាសម័យនោះ នគរបាលប៉ុស្តិ៍ទទួលខុសត្រូវដំបូងគេគឺប្រចាំការវាយទប់ស្កាត់ការលុកលុយចូលភូមិអ្នកស្រុកពីសំណាក់ខ្មែរក្រហមដែលនៅសេសសល់រាយប៉ាយ និងដែលតែងតែចូលអុកឡុកបាញ់បោះជារឿយៗ។ ក្រៅពីនេះ គឺត្រូវរៀបចំថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ការពារសុវត្ថិភាពសង្គម គ្រប់គ្រងមនុស្សក្នុងភូមិ និងការងារស្ថិតិ។ លោកបន្តថា "អ្វីដែលលំបាកបំផុតនោះ ដោយសារប្រទេសទើបតែរួចផុតពីសង្គ្រាម មិនថាប៉ុស្តិ៍នគរបាលរដ្ឋបាល ឬប្រជាពលរដ្ឋនោះទេ គឺគ្មានឯកសារគ្រប់គ្រាន់ក្នុងការបំពេញសំណុំបែបបទ"។
លោកបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលដែល លោកចូលដឹកនាំគ្រប់គ្រងនោះ ក៏គ្មានសម្ភារគ្រប់គ្រាន់ទៀត កុំថាឡើយតែការិយាល័យ សូម្បីតែតុកៅអីក៏គ្មានដែរ ផ្ទុយទៅវិញ គឺត្រូវជីករណ្តៅលានដ្ឋាននៅជំវិញយកធ្វើជាកន្លែងធ្វើការ ទុកដាក់ឯកសារ បើមានករណីលួចវាយឆ្មក់ពីពួកខ្មែរក្រហម។ លោករម្លឹកថា"អ្វីដែលជាការព្រួយបារម្តនោះ គឺចាប់ពីពេលក្បាលព្រលប់តទៅ ដោយគិតគូរពីសុវត្ថិភាពពលរដ្ឋផង និងសុវត្ថិភាពរបស់ខ្លួនផង ខ្ញុំ និងកម្លាំងក្រោមបង្គាប់ មិនដែលបានសម្រាកសម្រាន្តត្រឹមត្រូវទេ ត្រូវចាកចេញពីរណ្តៅ ទៅពួនសម្ងំនៅតាមគុម្ពចេករៀងៗខ្លួន ប្រដាប់ដោយអាវុធគ្រប់ដៃ ព្រោះខ្លាចជនអមិត្ត ជាពិសេសខ្មែរក្រហម មកលបវាយប្រហារ រហូតដល់មេឃភ្លឺទើបនាំគ្នាត្រឡប់ចូលលានដ្ឋានវិញ"។
ឆ្លងកាត់នូវបទពិសោធដ៏ជូរចត់ និងការរៀបរាប់ទាំងអួលដើមករ លោកបានអះអាងថា វាពិតជាលំបាកសម្រាប់មន្ត្រីប៉ុស្តិ៍នគរបាលនាសម័យនោះ បើប្រៀបធៀបជាមួយមន្ត្រីនគរបាលសម័យបច្ចុប្បន្ន ខុសគ្នាដូចមេឃនិងដី។ លោកបន្តថា"ខុសឆ្ងាយណាស់ទាំងប្រាក់បៀវត្ស ទាំងសម្ភារ ទាំងពេលវេលា ទាំងការងារបច្ចេកទេស គ្មានទេផ្លូវក្រាលកៅស៊ូស្រួលជិះល្បាត គ្មានទេមធ្យោបាយធ្វើដំណើរ ហើយក៏គ្មានប្រព័ន្ធទំនាក់ទំនងដែរ មានតែអាយកូម ជួនលឺជួនអត់ ហើយនៅពេលដែលពលរដ្ឋជួបបញ្ហា ឬហេតុការណ៍ណាមួយ កម្លាំងនគរបាលត្រូវដើរកាត់ផុក កាត់ល្បាប់ កាត់ភ្លៀង កាត់ខ្យល់ ក្នុងការជួយសម្របសម្រួល ឬអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់លើ ពិសេសករណីប្លន់"។
លោកអះអាងទៀតថា មានពេលមួយនោះ ថ្នាក់លើក៏បានសំណូមពរយកលោក និងមន្រ្តីនគរបាលផ្សេងទៀតទៅជួយគាំទ្រការវាយលើពួកខ្មែរក្រហមនៅប៉ៃលិន និងបាត់ដំបងដែរ។ គឺពេលនោះហើយដែលក្រុមគ្រួសារមានការបារម្ភ ប៉ុន្តែលោកត្រៀមខ្លួនរួចហើយថា ក្នុងនាមជាកងកម្លាំងគឺត្រូវតែអនុវត្តបទបញ្ជា ហើយការវាយខ្មែរក្រហម គឺដើម្បីបង្រួបបង្រួមទឹកដី បង្កើតសន្តិភាព ដែលលោកមានតែរឿង៣ត្រៀមទទួលយក គឺបន្តនៅរស់ របួសពិការ និងស្លាប់។ លោកក៏បានរម្លឹកនូវអនុស្សាវរីយ៍គ្រាលំបាកកម្សត់កម្រ ជាមួយមិត្តភក្តិធ្លាប់កាន់អាវុធរួមគ្នា និងនឹកឃើញខ្លាំងបំផុត គឺគ្រាដែលនៅតស៊ូក្នុងជំនាន់ដែលគ្រប់គ្នារស់នៅក្នុងភាពភ័យខ្លាច។
សូមបញ្ចាក់ថា ពិធីអបអរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា និងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការហែក្បួនព្យុហយាត្រា តាមផែននីមួយៗ បង្ហាញពីវីរភាពដ៏អង់អាចរបស់មន្ត្រីនគរបាលជាតិ។ ក្នុងឱកាសនេះផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិទាំងអស់ និងគោរពដួងវិញ្ញាណក្ខន្ធបុព្វបុរស នៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យកូនចៅ ស្វាមី ភរិយា សាច់ញាតិ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរហូតមក៕
ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ