ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាកលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
ពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវភរិយាថ្នាក់ដឹកនាំ អ្នកឧកញ៉ា មន្រ្តីរាជការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នា ប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅលើកំពូលភ្នំទ្វារនាឱកាសនេះ។
សូមបញ្ជាក់ផងដែរ ថា ប្រាសាទមាស លោកជំទាវម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិលោកយាយម៉ៅផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងទីរួមខេត្តកំពតផងដែរ។ ពិសេសបានចូលរួមចំណែកអភិរក្សការកសាងកន្លែងជំនឿ លើកស្ទួយដល់វិស័យទេសចរណ៍តាមបែបជំនឿសាសនា ព្រោះទីតាំងនេះមានសក្តានុពលធម្មជាតិស្រាប់ ដែលអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ ដែលបានប្រែក្លាយតំបន់នេះទៅជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត៕
ប្រភព៖ រដ្ឋបាលខេត្តកំពត