ចាប់ពីពេលនេះតទៅ មិនថាយប់ ឬក៏ថ្ងៃនោះទេ បើប្រជាពលរដ្ឋស្នើសុំពេលយប់ ត្រូវជួយទាំងយប់ បើស្នើសុំពេលថ្ងៃ ត្រូវជួយទាំងថ្ងៃ
July 28, 2017 អ្នកទស្សនា :

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានស្នើឲ្យអាជ្ញាធរ និងមន្ទីរជំនាញ សូមយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ជាពិសេស ៖ «ចាប់ពីពេលនេះតទៅ មិនថាយប់ ឬក៏ថ្ងៃនោះទេ បើប្រជាពលរដ្ឋស្នើសុំពេលយប់ ត្រូវជួយទាំងយប់ បើស្នើសុំពេលថ្ងៃ ត្រូវជួយទាំងថ្ងៃ» ។ គូសបញ្ជាក់យ៉ាងដូច្នេះ គឺបានធ្វើឡើង នៅសាលប្រជុំសាលា ខេត្តកំពង់ចាម ក្នុងឱកាស ដែលឯកឧត្ដម ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ នៅក្នុងទូទាំងខេត្ត ដើម្បី ត្រៀមបង្កាជាមុន និងដាក់ផែនការ ក្នុងការឆ្លើយតបទៅនឹងបញ្ហាគ្រោះមហន្តរាយ ដោយទឹកជំនន់ទន្លេមេគង្គ នាព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៧ នេះ ។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ជាការពិតណាស់ ទាំងរាជរដ្ឋាភិបាល និងទាំងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេស គណៈកម្មការនានា របស់រាជរដ្ឋាភិបាល កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងការកើនឡើង នៃទឹកភ្លៀង និងទឹកជំនន់ ។ ជាមួយនឹងបញ្ហាប្រឈមទាំងអស់អស់នេះ រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំ ដល់អាជ្ញាធរ នៅថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់ប្រភេទ រួមទាំងការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ជាបន្តបន្ទាប់ ផងដែរ ។ ឯកឧត្ដមអភិបាល បញ្ជាក់ដែរថា ការជួបជុំនេះ ក៏ដើម្បីពិនិត្យ ឲ្យឃើញអំពីស្ថានភាពជាក់ស្ដែង នៃការវិភាគទុកជាមុន នៅនឹងមូលដ្ឋានផ្ទាល់ ពីព្រោះថា នៅចំពោះមុខ អ្នកពាក់ព័ន្ធ និងទទួលបន្ទុកផ្ទាល់ធំជាងគេ គឺជាអាជ្ញាធរក្រុង ស្រុក ដែលមានតួនាទីរាយការណ៍ និងជួយអន្តរាគមន៍ លើបញ្ហាប្រឈមនានា ទាក់ទងទៅនឹងការរុះរើលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ដោយសារការបាក់ច្រាំង និងបញ្ហាគ្រោះធម្មជាតិផ្សេងៗទៀត ។ ក្រៅពីនោះ យើងក៏មានផែនការ ដើម្បីត្រៀមបង្កាជាមុន ដែលត្រូវដាក់នូវផែនការមួយចំនួន ទៅដល់មន្ទីរជំនាញ ដើម្បីជាទិសដៅ និងឈានទៅអនុវត្ត បានទាន់ពេលវេលា ផងដែរ ។ ឯកឧត្ដម អភិបាលខេត្ត ក៏បានជម្រុញទៅដល់ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរ និងកងកម្លាំងទាំងអស់ ដែលចុះអន្តរគមន៍ សូមយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការចុះរុះរើផ្ទះ ជូនប្រជាពលរដ្ឋរងគ្រោះ ពោលគឺ ទីកន្លែងណាក៏ដោយ ឲ្យតែមានសំណូមពរ ឬការស្នើសុំ ពីប្រជាពលរដ្ឋមកដល់អាជ្ញាធរ យើងត្រូវទៅជួយអន្តរាគមន៍ មិនថាយប់ ឬក៏ថ្ងៃនោះឡើយ ពីព្រោះថា យើងមិនចង់ឲ្យប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់ ដោយសារតែការបាក់ច្រាំងនោះទេ ។ ដូចគ្នានោះដែរ បើកម្លាំងមូលដ្ឋានមិនគ្រប់គ្រាន់ សុំស្នើមកខេត្តភ្លាម ដើម្បី បញ្ជូនកម្លាំងទៅជួយអន្តរាគមន៍ ឲ្យទាន់ពេលវេលា ។ ក្រៅពីនោះ មន្ទីរអង្គភាពជំនាញ ក៏ត្រូវត្រៀមរៀបចំផែនការបង្ការជាមុន ផងដែរ ដើម្បី ឆ្លើយតបឲ្យទាន់ពេលវេលា ទៅនឹងបញ្ហាគ្រោះអាសន្ន ផ្សេងៗ ទាំងនៅក្នុងអំឡុងពេល និងក្រោយពេលទឹកជំនន់ ។ សូមបញ្ជាក់ថា ក្នុងការត្រៀមបង្កា ក៏ដូចជាការឆ្លើយតប ទៅនឹងបញ្ហាទាំងអស់នេះ អាជ្ញាធរក្រុង ស្រុក មួយចំនួន និងមន្ទីរជំនាញពាក់ព័ន្ធ ក៏បានធ្វើសេចក្ដីរាយការណ៍ អំពីផែនការត្រៀមជាមុន ជាពិសេស ការត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសសត្វពាហៈនៈ ថ្នាំសង្កូវ និងមធ្យោបាយផ្សេងៗ សម្រាប់ជម្រៀស និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាគ្រោះអាសន្ន មកដល់ ផងដែរ ។ គួររំលឹកដែរ តាមព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍ កម្ពស់ទឹកជំនន់ទន្លេមេគង្គ នៅខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកមានកម្ពស់ ១៣,៨០ម៉ែត្រ ធៀបម្សិលម៉ិញ ០,៥០ម៉ែត្រ បើធៀបទៅនឹងរយៈពេលដូចគ្នា នៃឆ្នាំកន្លងទៅទឹកមានកម្ពស់ត្រឹមតែ ៧,០៥ម៉ែត្រ ប៉ុណ្ណោះ ។ ដោយឡែក កម្រឹតកំពស់ទឹកជំនន់ នៅខេត្តកំពង់ចាម ត្រូវប្រុងប្រយ័ត្ន និងប្រកាសអាសន្ន ស្ថិតនៅកម្ពស់ ១៥,២០ម៉ែត្រ ៕ សារ៉ាត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ