បន្ទាប់ពីរងការការគម្រាមកំហែង ដោយគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង កាលពីឆ្នាំកន្លងទៅ ជាពិសេស ការចូលរួមចំណែកកែលម្អឲ្យបានល្អប្រសើរ សម្រួល់ដល់ការរធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែងប្រមាណជិត ១.៤០០ម៉ែត្រ ស្ថិតនៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
គួររំលឹកថា នារដូវវស្សា ក្នុងឆ្នាំកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចុះពិនិត្យស្ថានភាព នៃជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រ ខាងលើ ដោយទឹកបានជន់លិចលំនៅដ្ឋាន លិចផ្លូវ និងបង្កការលំបាក ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការគិតគូអំពីសុខទុក្ខនេះ ឯកឧត្តម អភិបាលខេត្ត បានឱ្យមន្ត្រីបច្ចេកទេសចុះសិក្សា ដើម្បី រកវិធីសាស្ត្រ ដោះស្រាយ និងជ្រើសរើសគម្រោងមួយក្នុងចំណោមគម្រោងអាទិភាពនានា របស់រដ្ឋបាលខេត្ត ដើម្បី បម្រើសេចក្តីត្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម អភិបាលខេត្ត បានឯកភាព និងស្ថាបនាផ្លូវបេតុង ១ខ្សែ នេះ មានប្រវែង ជាង ១.៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងផ្លូវ ១ខ្សែ ទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ រួមនឹងស្ថាបនា លូរំដោះទឹកភ្លៀង ប្រវែងជាង ១.០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុលប្រវែងជាង ៤០០ម៉ែត្រ ដោយប្រើប្រាស់គម្រោងថវិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។
គួរកត់សម្គាល់ដែរថា នាបច្ចុប្បន្ន បើទោះបីជា ខេត្តកំពង់ចាម ក៏ដូចជា បណ្ដាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងរងការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក៏ដោយ ក៏ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម តែងតែគិតគូរជានិច្ច ចំពោះ រាល់ការងារអភិវឌ្ឍន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តរបស់ខ្លួន នៅគ្រប់ទីកន្លែង ទាំងជនបទ និងទីប្រជុំជន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ ម្យ៉ាងវិញទៀត អ្វីៗសម្រេចទៅបាន ក៏ព្រោះតែ ថ្នាក់ដឹកនាំយើង មានសន្ទៈ មានការលះបង់ និងមានចក្ខុវិស័យច្បាស់លាស់ ជាពិសេស ក្នុងស្ថានភាព ដ៏លំបាក «ទោះបីជាជម្ងឺកូវីដ ១៩ បានគម្រាមកំហែង ដល់សុខសុវត្ថិភាព និងជីវភាពរស់នៅ យ៉ាងណាក៏ដោយ ក៏រាំងស្ទះ ដល់កិច្ចអភិវឌ្ឍ ឡើយ» យើងរួមគ្នាគិត រួមជាធ្វើ ដើម្បី ផលប្រយោជន៍ទាំងអស់គ្នា។ ការអភិវឌ្ឍ មិនអាចធ្វើមួយថ្ងៃ ហើយបញ្ចប់នោះឡើយ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម