អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យទីតាំងសាលារៀនរដ្ឋ ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩
July 22, 2021 អ្នកទស្សនា :

ប៉ៃលិន៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌល ប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងសាលារៀនរដ្ឋមួយចំនួន ដើម្បីត្រៀមសម្រាប់ជាមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ លោកជំទាវអភិបាលខេត្ត ក៍បានប្រសាសន៍ជំរុញដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗអោយបានស្អាតល្អ និងមានសោភណ្ឌភាព ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយក្រោយពី ជម្ងឺកូវីដ-១៩ត្រូវបានបញ្ចប់ សិស្សានុសិស្សនឹងអាចចូលសិក្សារៀនសូត្រវិញជាធម្មតា។

លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នខេត្តប៉ៃលិន កំពុងដំណើរការមណ្ឌលចត្តាឡីស័កចំនួន ២ គឺ ទី១-មណ្ឌលចត្តាឡីស័ក អតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងទី២-មណ្ឌលចត្តាឡីស័កមជ្ឍមណ្ឌលនារី (ស្រែត្នោត០ និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ចំនួន ១ គឺ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ