logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង
39
11-June-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃពុធទី៩ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ កិច្ចប្រជុំនេះ​មមានការចូលរួមពីអភិបាលស្រុកថ្មបាំង បញ្ជាការកងរាជអាវុធហត្ថស្រុក នគរបាលស្រុក ប្រធានមន្ទីរបរិស្ថាន មន្ត្រីឧទ្យាននុរក្ស នាយកទីចាត់ការអន្តរវិស័យ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។

ជាលទ្ធផល ការបោះបង្គោលព្រំដីរដ្ឋ (ដីតំបន់ការពារធម្មជាតិ និងដីឯកជនរបស់រដ្ឋក្នុងស្រុកថ្មបាំង) នៅស្រុកថ្មបាំង ត្រូវបានចាប់ផ្តើមបោះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១មក ដោយចាប់ផ្តើមបោះបង្គោលនៅឃុំតាទៃលើ។ ចំណុចនិយាមកាដែលត្រូវបោះបង្គោលព្រំដីរដ្ឋក្នុងឃុំតាទៃលើ មានចំនួន៣០៨ចំណុច (៣០៨បង្គោល) ហើយគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ គឺបោះបង្គោលបានចំនួន ១៦០បង្គោល។

ក្នុងការចុះអនុវត្តបោះបង្គោលព្រំដីរដ្ឋ នៅឃុំតាទៃលើ ស្រុកថ្មបាំងនេះ មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា មានភ្លៀងធ្លាក់ខ្លាំង ផ្លូវពិបាកធ្វើដំណើរ សត្វទៀក ពស់...ដែលជាហេតុបង្ករការលំបាក ដល់ក្រុមការងារក្នុងការចុះរកទីតាំងចំណុចនិយាមកា និងការចុះបោះបង្គោល។

ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋនៅស្រុកថ្មបាំង ខេត្តកោះកុងនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម៖

១-មេភូមិ មេឃុំ រដ្ឋបាលស្រុក ក្រុមការងារមន្ត្រីជំនាញ ត្រូវចុះពិនិត្យ និងបោះបង្គោលតាមចំណុចនិយាមកាដែលបានកំណត់ មិនអាចបោះបង្គោលខុសពីទីតាំងកំណត់តាមការស្នើសុំរបស់ប្រជាពលរដ្ឋឡើយ

២-មេភូមិ មេឃុំ មិនត្រូវចុះហត្ថលេខាបញ្ជាក់​លើលិខិតទីតាំងដីធ្លី ស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ដី ជាអាទិ៍ នៃដីស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀបអភិរក្សជីវៈចម្រុះ ទេ ប្រសិនបើមេភូមិ មេឃុំ ណានៅបញ្ជាក់លើលិខិតដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង

៣-សូមឱ្យមេភូមិ មេឃុំ ធ្វើការផ្សព្វផ្សាយ ពន្យល់ប្រជាពលរដ្ឋអំពីការបោះបង្គោលព្រំដីរដ្ឋនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋ

៤-ចំពោះការស្នើសុំចុះបញ្ជីដីរបស់បងប្អូនប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈឃុំ ស្រុក ហើយរដ្ឋបាលស្រុកធ្វើសំណើមករដ្ឋបាលខេត្ត ដើម្បីក្រុមការងាររដ្ឋបាលខេត្តចុះពិនិត្យទីតាំងដីជាក់ស្តែង។

៥-សូមអរគុណដល់ក្រុមការងារបោះបង្គោលព្រំដីរដ្ឋស្រុកថ្មបាំង​ និងសូមបន្តការខិតខំប្រឹងប្រែងក្នុងការបោះបង្គោលព្រំដីរដ្ឋតាមនិយាមកាដែលបានកំណត់បន្តទៀត

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាក្នុងសាលប្រជុំសាលាស្រុកថ្មបាំងរួច លោក សុខ សុទ្ធី ក៏បានចុះពិនិត្យទីតាំងបង្គោលព្រំដីរដ្ឋមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ