អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលថេបប្លេត ចំនួន ១៤០គ្រឿង ប្រគល់ជូនការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
April 07, 2021 អ្នកទស្សនា :

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលថេបប្លេត ចំនួន ១៤០គ្រឿង ប្រគល់ជូនការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្របខណ្ឌទូទាំងប្រទេស។ ពិធីប្រគល់ទទួលនេះ ក៏មានវត្តមាន លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលជាច្រើនរូបទៀត។

នាឱកាសនោះ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ លើកទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង សរុប ចំនួន ៤៩.៨៧៦ដូស សម្រាប់ចាក់ជូន ២៤.៩៣៨នាក់។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ នេះ យុទ្ធនាការលើកទី ២ ចាក់វ៉ាក់សាំងជុំទី១ បានចំនួន ១៨.១៨៣នាក់ ស្មើរនឹង ៧០%ហើយ នៅសល់ ៣០% ទៀត កំពុងបន្តចាក់នៅតាមទីកន្លែងទទួលចាក់វ៉ាក់សាំង ទាំង ២៩ទីតាំង នៅទូទាំងខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈគំនិតផ្ដួចផ្ដើមរបស់ លោកស្រី ឱ វណ្ណឌីន ផ្ដល់ជាយោបល់ដល់ប្រមុខរដ្ឋាភិបាល ។ ម្យ៉ាងទៀត សម្ភារៈទាំងនេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់ប្រើប្រាស់ ក្នុងការងាររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំរើការងារយ៉ាងមោះមុត នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាពេលនេះ ។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីរាជការ បុគ្គលិកវិស័យសុខាភិបាលជួរមុខ នៅទូទាំងប្រទេស ដែលបច្ចុប្បន្ន កំពុងតែមមាញឹក នៅក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩។ លោកជំទាវ ក៏បានសម្ដែងការអរគុណ ដល់ឯកឧត្ដម លោកជំទាវ ដែលជាអភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ ដែលបានខិតខំទាំងថ្ងៃ ទាំងយប់ រួមគ្នាដើម្បី ចាត់ចែងដោះស្រាយ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ទៅតាមដែនសមត្ថកិច្ចរៀងរៀងៗខ្លួន បានយ៉ាងល្អប្រសើរ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានបញ្ជាក់ ផងដែរថា ទន្ទឹមនឹងការខិតខំខាងលើនេះ អ្វីដែលសំខាន់ទៀតនោះ គឺការចាក់វ៉ាក់សាំង ព្រោះថា វាជាឧបករណ៍មួយ អាចជួយយើងបន្ថែមទៀត ធ្វើឲ្យសរីរាង្គរបស់យើង មានកងការពារគ្រប់គ្រាន់ សម្រាប់វាយបកទៅវិញ នៅពេលដែលជម្ងឺកូវីដ ១៩ ចូលមកយាយី លើសារីរាង្គរបស់យើង នឹងមិនធ្វើឲ្យសារីរាង្គរបស់យើងមានជំងឺធ្ងន់ធ្ងរ កាត់បន្ថយបានការចូល ទៅមន្ទីរពេទ្យ នឹងកាត់បន្ថយបានអត្រាស្លាប់ដោយសារជម្ងឺ ដ៏កាចសាហាវមួយនេះ ផងដែរ។

គួរបញ្ចាក់ថា៖ ថេបប្លេត ចំនួន ១៤០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនមន្ត្រីសុខាភិបាល ចំនួន០៤ខេត្ត ក្នុងនោះមាន ៖ ខេត្តកំពង់ចាម ទទួលបាន ៨០គ្រឿង ខេត្តត្បូងឃ្មុំ ចំនួន ២៦គ្រឿង ខេត្តក្រចេះ ២៤គ្រឿង និងខេត្តមណ្ឌលគិរី ចំនួន ១០គ្រឿង

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ