នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងពិធីនេះមានការអញ្ជើញចួលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធ និងបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ១.២០០នាក់ ។ ក្នុងឱកាសនោះឯកឧត្ដមអភិបាលរងខេត្ត បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានប្រសាសន៍សំណេះសំណាល ដោយបានបញ្ជាក់សង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច និងកសាងបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបង្កើនការវិនិយោគ បង្កើតការងារធ្វើ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារ និងល្អប្រសើរឡើងជាលំដាប់។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលរងខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលគោរពច្បាប់ស្ដីការងារ ច្បាប់ស្ដីពីរបបសន្តិសុខសង្គម រក្សានូវសាមគ្គីភាពផ្ទៃក្នុង ចេះជួយគ្នាទៅវិញទៅមក និងទទួលខុសត្រូវលើភារកិច្ចការងាររបស់ខ្លួន ជាពិសេសខិតខំពង្រឹងភាពសុខុដុមរមនារវាងនិយោជក និងកម្មករនិយោជិត ដោយមិនត្រូវជឿលើការញុះញង់ពីជនខិលខូចមួយចំនួនដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និយោជកឡើយ ព្រមទាំងត្រូវចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ។ ក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានចែកជូនកម្មករ កម្មការិនី ដែលចូលរួមក្នុងពិធីសំណេះសំណាលចំនួន ១.២០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ១ម៉ឺនរៀល ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨)