logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជដំណាំជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៧០គ្រួសារ
87
19-November-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៧០គ្រួសារ មកពីបណ្ដាសង្កាត់នានា ក្រុងស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានសាខាពន្ធដារខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងស្វាយរៀង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលគ្រាប់ពូជដំណាំនៅថ្ងៃនេះ ។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងណែនាំក្រើនរំលឹកជាប្រចាំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង តាមរយៈការជួយគាំទ្រដល់ការដាំដុះឡើងវិញនៅក្រោយទឹកស្រក ។ ដូច្នេះហើយទើបនៅពេលកន្លងមក ក៏ដូចជាពេលនេះ សម្ដេចបានផ្ដល់ជូនពូជស្រូវ ដែលយើងបានចែកជូនបងប្អូនប្រជាពលរដ្ឋរួចហើយ និងគ្រាប់ពូជដំណាំដែលយើងកំពុងដំណើរការចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ក្នុងពេលដំណាលគ្នានេះ និងបន្តចែកជូនបងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក នៅថ្ងៃស្អែក ដែលទាំងអស់នេះគឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំងពីរចំពោះតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដែលឯកឧត្ដមជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។

ជាមួយនេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល របស់បងប្អូនប្រជាពលរដ្ឋដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ដែលនៅក្នុងខេត្តស្វាយរៀងរបស់យើងបានប៉ះពាល់ ៥ក្រុង ស្រុក ក្នុងនោះក្រុងស្វាយរៀងក្រៅប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានមួយចំនួនរបស់ប្រជាពលរដ្ឋ ក៏មានការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំផងដែរ ។

ឯកឧត្ដមអភិបាលក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកគ្រាប់ពូជដំណាំដែលចែកជូននៅថ្ងៃនេះ ទៅប្រើប្រាស់បង្កបង្កើនផលឲ្យចំទិសដៅ ដើម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ហើយមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងជួយគាំទ្រផ្នែកបច្ចេកដល់បងប្អូនក្នុងការដាំដុះពូជបន្លែនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ។

អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ៧០គ្រួសារ នាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបាន គ្រាប់ពូជដំណាំ ១កញ្ចប់ មាន ៤មុខ (ពោត ត្រកួន ល្ពៅ និងត្រប់) ថ្នាំសម្លាប់មេរោគក្នុងទ្រុងសត្វ ១ដប និងថវិកាមួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ