ហៅ​នគរបាល​ខេត្ត​ប៉ៃលិន​ទាំងអស់​មក​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន
February 08, 2017 អ្នកទស្សនា :

ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃ​លន បាន​រៀបចំ​ត្រួតពិនិត្យ​ទឹកនោម​មន្ត្រី​នគរបាល​របស់​ខ្លួន​ដើម្បី​រក​សារធាតុ​ញៀន ។ បើសិនជា​ពិនិត្យ​ឃើញ​ថា មន្ត្រី​នគរបាល​ណា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន អាច​នឹង​ទទួល​រង​នូវ​ការ​ដក​តំណែង ដក​បុណ្យ​សក្តិ ហើយ​ថែម​ទាំង​បណ្តេញ​ចេញពី​អង្គភាព​ថែម​ទៀត​ផង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បណ្តា​ខេត្ត​នានា​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ថ្នាក់លើ​បញ្ជា​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​នគរបាល ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​លើ​ខ្លួន​ម្នាក់​ៗ​រុករក​សារធាតុ​គ្រឿងញៀន ដើម្បី​បោសសម្អាត​ករណី​គ្រឿងញៀន​ដែល​កំពុង​តែ​រីក​ដុះដាល​យ៉ាង​គគ្រឹកគគ្រេង​នៅ​តាម​បណ្តា​ភូមិ​នានា​ទូ​ទាំង​ប្រទេស ជា​ពិសេស​គ្រឿងញៀន​កំពុង​ពង្វក់ស្មារតី​យុវជន​ជា​ច្រើន​ឲ្យ​ឆ្កួត​វង្វេង ភ្លេច​ការងារ ភ្លេច​ការ​រៀនសូត្រ ប្រព្រឹត្ត​អំពើ​អបាយមុខ លួច ឆក់ ប្លន់ កាប់ សម្លាប់ បង្ក​អ​ស្ថេ​រ​ភាព​សង្គម ទើប​ពេល​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​រៀបចំ​ធ្វើការ​ត្រួតពិនិត្យ​តែ​ម្តង តែ​គេ​មិនដឹង​ថា ទទួល​បាន​លទ្ធផល​យ៉ាងណា​នោះ​ទេ ដោយ​សង្ឃឹមថា មន្ត្រី​នគរបាល​ជា​អ្នក​អនុវត្ត​ច្បាប់​នឹង​មិន​មាន​ពាក់ព័ន្ធ​គ្រឿងញៀន​ឡើយ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​កំពុង​តែ​ដុតដៃដុតជើង​តាម​ចាប់​អ្នក​ប្រើប្រាស់ និង​អ្នក​ជួញដូរ​ដូច​ភ្លៀងរលឹម ។ កិច្ចការ​ទាំងនេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ថែម​ទាំង​អបអរសាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ផង​ដែរ ។ ម្យ៉ាង​វិញទៀត ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ មិន​ត្រូវ​ចោទប្រកាន់​ជនសង្ស័យ​ដោយ​គ្មាន​មូលដ្ឋាន ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ