ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងមន្ត្រីរាជការ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី ស្ថិតក្នុងស្រុកបាធាយ
September 11, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី (វត្តនិរោធ) ស្ថិតនៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ និងមានការអញ្ជើញចូលរួមពី លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តនិរោធរង្សី។

      នៅក្នុងពិធីនោះផងដែរ ឯកឧត្តម បានបូជាទៀនធូបផ្កាភ្ញី សមាទានសីល បង្សុកូល ដើម្បីឧទ្ទិសដល់ដួងវិញាណក្ខន្ធរបស់បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន និងឧទ្ទិសកុសលជូនដល់ ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

      មានប្រសាសន៍សំណះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា វត្តនារោតរង្សី ស្ថិតនៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ជាភូមិដាច់ស្រយាលមួយ និងឆ្ងាយជាងគេក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានព្រំប្រទល់ជាប់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ភូមិនេះកាលពីមុខ មានភូមិសាស្ត្រលំបាក ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារសន្តិសុខ ប៉ុន្តែភូមិរោធ បច្ចុប្បន្ននេះ មានការអភិវឌ្ឍហ៍ប្រែមុខមាត់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារប្រទេសយើងមានសុខសន្តិភាពបរិបូណ៌។ ហើយដោយសារកត្តាសុខសន្តិភាព ដែលបានមកពីការលះបង់របស់ឥស្សរជន វីរជនយុទ្ធជន ទើបយើងអាចមានឱកាសជួបជុំធ្វើបុណ្យថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព។

      ឯកឧត្តម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលមានជំនឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ និងដោយសារកម្ពស់ទឹកទន្លេមេគង្គឆ្នាំនេះមានកម្ពស់ទាបជាងបណ្ដាឆ្នាំកន្លងទៅ បណ្តាលឲ្យ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តកំពង់ចាមអាចនឹងប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខនេះ ។ ហេតុនេះសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សា និងការប្រើប្រាស់ទឹកឲ្យមានលក្ខណៈសន្សំសំចៃ ពិសេសនៅរដូវប្រាំងខាងមុខនេះ។

      ស្របពេលជាមួយគ្នានេះដែរដោយសារការឆ្លងរាលដាលនៃជម្ងឺកូវី-១៩ ជាសកល ឯកឧត្តមបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់អនុវត្តនូវវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវ ពាក់ម៉ាស់ លាងដែនឹងសាប៊ូ អាល់កុល ជែល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអប់រំដល់កូនចៅបងប្អូនឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

      គួរបញ្ចាក់ថា៖ ក្នុងឱកាសកាន់បិណ្ឌវេនទី៩ ឯកឧត្តម បាននាំយកចង្ហាន់ ទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន មកវេរប្រគេនព្រះសង្ឃនៅវត្តនិរោធរង្សីនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ