អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត
July 01, 2020 អ្នកទស្សនា : 491

      នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏សូមកោតសរសើរដល់កងកម្លាំងទាំងបីប្រភទ រួមនឹងកម្លាំងប្រជាការពារនៅតាមឃុំ-សង្កាត់ ក្នុងរយៈពេល៦ខែកន្លងមកនេះ បានរួមចំណែក និងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់សហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កងកម្លាំងយើង បានចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរឃុំ-សង្កាត់ មន្ត្រីសុខាភិបាល ក្នុងការគ្រប់គ្រងពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស និងការអនុវត្តចត្តាឡីស័កនៅតាមផ្ទះ តាមមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាល ខេត្ត ជាមួយគ្នានេះបានបន្តកិច្ចសហការក្នុងការចុះអប់រំផ្សព្វផ្សាយ តាមមូលដ្ឋានអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ 

      ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលជានិច្ចជាកាល តែងតែប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ក្នុងការសម្រេចភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយលះបង់កម្លាំងកាយចិត្ត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។ កងកម្លាំងទាំងអស់ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ប្ដូរផ្ដាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឲ្យពួកក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខ ក្នុងខេត្តកំពង់ចាមបានជាដាច់ខាត ។

      ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលទាំងអស់ ដែលត្រូវទើបនឹងទទួលបានការផ្ទេរភារកិច្ច ការតែងតាំង និងតម្លើងឋានន្តរសក្ដិថ្មី តាមរយៈការផ្ដល់ជូនរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ ត្រូវបន្តការប្រឹងប្រែងអនុវត្តភារកិច្ច ចំពោះមុខប្រកបដោយគុណធម៌ សីលធម៌វិជ្ជាជីវៈ ក្នុងគោលដៅបម្រើសេវាល្អ ទាំងសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ឲ្យសក្ដិសមទៅនឹងការផ្ដល់ជូនរបស់ថ្នាក់ដឹកនាំ។

      គួរបញ្ចាក់ដែរថា៖ នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ៣៤០រូប នឹងត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូននាពេលនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ