logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ ៖ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវមានគណនេយ្យភាព និងការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងការចាត់ចែងការគាំទ្រផ្នែកបច្ចេកទេស និងតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាល
51
16-June-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ ថ្លែងថា ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលក្នុងខេត្ត និងខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋខេត្តកំពង់ធំ កាន់តែឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពបន្ថែមទៀត។ 

      ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

      ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានកោតសរសើរដល់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាព នានាជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការ គ្នាយ៉ាងស្អិតរមួតក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ តាមការចាត់ចែងរបស់រដ្ឋបាលខេត្ត។ ហើយរហូតមកដល់ពេលនេះខេត្តកំពង់ធំយើង មិនទាន់មាននណាម្នាក់ឆ្លងជម្ងឺដ៏កាចសាហាវនេះនៅឡើយទេ នេះជាមោទនភាពមួយ របស់ខេត្តកំពង់ធំយើងផងដែរ។

      លើសពីនេះទៀតឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការណ៍ សំខាន់ៗជូនដល់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត រួមទាំងមន្ទីរ អង្គភាពនានាជុំវិញខេត្ត អំពីការចាប់ផ្តើមនូវការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ប្រកបដោយ ការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត។ ហើយនេះក៏ជាការចាប់ផ្តើម នៃការអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសាធារណៈ ដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោល គឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវ ពីរាជរដ្ឋាភិបាល មករដ្ឋបាលខេត្តដើម្បីគ្រប់គ្រង និងចាត់ចែងកិច្ចប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្តនីមួយៗ។

      ម្យ៉ាងវិញទៀត ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងក្លាយជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត អំពីលទ្ធផល នៃការបំពេញការងារពាក់ព័ន្ធនឹង ការផ្តល់សេវាសុខាភិបាលនានា ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យ តាមរយៈគោលនយោបាយ ផែនការយុទ្ធសាស្ត្រ វិស័យសុខាភិបាល និងស្តង់ដានានាដែលកំណត់ដោយក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ