ឯកឧត្តម ម៉ែន វិបុល រួមជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពិសោធន៍ខ្នាតតូចទី២សាខាកាំកុងត្រូលខេត្តស្វាយរៀង និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាកាំកុងត្រូល
February 06, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពិសោធន៍ខ្នាតតូចទី២សាខាកាំកុងត្រូលខេត្តស្វាយរៀង និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាកាំកុងត្រូលខេត្ត នៅក្នុងបរិវេណសាខាកាំកុងត្រូលខេត្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងពាណិជ្ជកម្ម ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព ព្រមទាំងមន្ត្រីកាំកុងត្រូល និងមន្ត្រីគយ និងរដ្ឋាករខេត្ត ។ មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យទំនិញ ជាពិសេសធានាបាននូវភាពអនុលោមតាមកម្មវិធីអភិក្រមគ្រប់គ្រងហានិភ័យ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។ លើសពីនេះ មន្ទីរពិសោធន៍នេះ ក៏នឹងឆ្លើយតបទស្សនទានរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារ គឺជាអតុល្យភាព (ចំណុចអវិជ្ជមាន) ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូលទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចឈានទៅបានលទ្ធផលការងារជាច្រើនដូចជា៖ ការរឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលចរាចរនៅលើទីផ្សារ ការទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកនាំចេញ-នាំចូល។ល។ ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងថ្មី ត្រូវបន្តពង្រឹងការត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាថែមទៀត ព្រមទាំងស្វែងយល់អំពីបទពិសោធន៍ថ្មីៗ ពីប្រទេសជិតខាងនៅក្នុងតំបន់ និងពិភពលោក ហើយត្រូវខិតខំកៀគរជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់សកម្មភាពការងារ ធានាបាននូវអនុលោមភាពរបស់ទំនិញនាំចូល-នាំចេញ ដើម្បីការពារសុខុមាលភាពជូនប្រជាជន ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ