ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និបាត​ បូកសរុបលទ្ធផលការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨
February 01, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និបាត​ បូកសរុបលទ្ធផលការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាខាគយនិងរដ្ឋាករ សាខាពន្ធដារ និងរតនាគារខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន អភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាល​ អភិបាលរងក្រុង​ ស្រុក ថ្នាក់ដឹកនាំ​ និងមន្ត្រីមន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ សាខាគយនិងរដ្ឋ​ សាខាពន្ធដារ​ និង​រតនាគារខេត្ត​ ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុប ១៥៦​ នាក់។ *ក្រៅពីថ្លែងនូវការ​កោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាខាគយនិងរដ្ឋាករ សាខា​ពន្ធដារ និង​រតនាគារ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ស្របតាម​ភារកិច្ចនិងសមត្ថកិច្ចដែលក្រសួងនិងរដ្ឋបាលខេត្ដបានប្រគល់ជូន​ ឯ.ឧ​ អភិបាលខេត្តក៏បានយកឱកាសនោះផ្ដល់អនុសាសន៍មួយចំនួនដើម្បីបន្ដដោះស្រាយការងារដែលនៅសេសសល់​ប្រកបដោយប្រសិទ្ធិភាពខ្ពស់​ ដូចខាងក្រោម៖​ - គ្រប់មន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុករបស់យើង​ត្រូវ​យកចិត្ដទុកដាក់ប្រើប្រាស់​ធនធាន​កម្រ​របស់​​​​​ជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវវឌ្ឍន៍ភាពការងារ​ក្នុងការកសាងសមត្ថភាពអង្គភាព និងការផ្ដល់​សេវាប្រកបដោយការជឿទុកចិត្ដជូនប្រជាពលរដ្ឋព្រោះថា​ការងារគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាការងារ​ស្នូលក្នុងការកសាងសមត្ថភាព​អង្គភាព ប្រៀបបាន​និងសសៃឈាមរបស់មនុស្សដែលទាមទារត្រូវមានយន្ដការ​គ្រប់គ្រងច្បាស់លាស់។ - គ្រប់មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ​ត្រូវមានស្មារតីបុរេសកម្មចូលរួមអនុវត្ដកម្មវិធីកំណែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល​ ក្នុងបរិការណ៍ការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកកាន់តែមានភាពខ្លាំងខ្លា​ ការវិវឌ្ឍន៍នៃសេដ្ឋកិច្ច សង្គម និងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលមានកាន់តែច្រើនទ្បើងៗជារៀងរាល់ថ្ងៃ។ - សាខាគយនិងរដ្ឋាករខេត្ដកណ្ដាល ដែលជាអង្គភាពផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋត្រូវផ្លាស់ប្ដូរឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបម្រើក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ និងត្រូវត្រួតពិនិត្យអំពីនីតិវិធី​បំពេញបែបបទ​ក្នុងការផ្ដល់សេវា ពិនិត្យមើល​អំពីបញ្ហាប្រឈមនានាដែលបានកើតទ្បើងដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា​។ - សាខាពន្ធដារខេត្ដកណ្ដាល ដែលជាអង្គភាពផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋត្រូវផ្លាស់ប្ដូរឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបម្រើក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ និងត្រូវត្រួតពិនិត្យអំពីនីតិវិធី​បំពេញបែបបទ​ក្នុងការផ្ដល់សេវា ពិនិត្យមើល​អំពីបញ្ហាប្រឈមនានាដែលបានកើតទ្បើងដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ - មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនាមជាអភិបាលហិរញ្ញវត្ថុត្រូវមានស្មារតីបុរេសកម្មដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ​ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ - គ្រប់មន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុក ដែលពុំទាន់បានអនុវត្ដពេញលេញនូវសារាចរណែនាំលេខ០៧ សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤របស់រាជរដ្ឋាភិបាល​ស្ដីពីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្ដិរដ្ឋ ត្រូវប្រញាប់រៀបចំធ្វើប័ណ្ណសំគាល់កម្មសិទ្ធិដីរដ្ឋចំនួន៥៧៧ កន្លែងឱ្យបានរួចរាល់នៅបំណាច់ឆ្នាំ២០១៨។ -​ ស្នើអង្គភាពពាក់ព័ន្ធពិនិត្យមើល​ និងធ្វើបច្ចុប្បន្នភាពលើការកំណត់តម្លៃដីនៅតំបន់មួយចំនួនឡើងវិញ​ ព្រោះការកំណត់តម្លៃនូវទីតាំងមួយចំនួននៅក្នុងខេត្តហាក់មិនឆ្លុះបញ្ចាំងទៅនឹងតម្លៃនៃការប្រែប្រួលជាក់ស្តែង។ -​ ស្នើអង្គភាពទាំងអស់ត្រូវពង្រឹងនូវសាមគ្គីភាព​ ឯកភាពផ្ទៃក្នុង​ការអនុវត្តការងារគោរពទៅតាមតួនាទី​ ភារកិច្ច​ និងច្បាប់។ - រតនាគារខេត្ដកណ្ដាល ក្នុងនាមជាគណនេយ្យករសាធារណៈត្រូវធ្វើការពិនិត្យនិងធ្វើការទូទាត់ការចំណាយថវិការដ្ឋដល់មន្ទីរជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានឯកសារគ្រប់គ្រាន់ ច្បាស់លាស់ ត្រឹមត្រូវ ស្របតាមបទបញ្ញត្ដិស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​។ - គ្រប់មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ត្រូវមានស្មារតីបុរេសកម្ម ក្នុងការផ្ដល់សេវាល្អប្រកប​ដោយ​​ការជឿទុកចិត្ដជូនប្រជាពលរដ្ឋក្នុងគោលបំណងធានាឱ្យមានកិច្ចសហការពីប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ