អភិបាលខេត្ត​កំពង់ចាម​គ្រោង​ដាំដើមត្នោត​ ចំនួន៥.២៥២​គ្រាប់
January 16, 2018 អ្នកទស្សនា :

អភិបាលខេត្ត​កំពង់ចាមសុំ​ការគាំទ្រ​ពី​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​លើ​គម្រោង​ដាំ​ដើមត្នោតដែលជា​ដើមឈើ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិ​ចំនួន​៥.២៥២​គ្រាប់​នៅតាម​ជើង​ទំនប់​បឹង​វា​ម ដែល​ក្រសួង​បាន​នឹង​កំពុងធ្វើការ​ពង្រឹងឡើង​វិញ​នៅក្នុង​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម ជា​បឹង​មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​រឿង​ប្រវត្តិសាស្ត្រ​ស្តេច​កន ដើម្បី​ឲ្យ​បឹង​នេះ​ក្លាយជា​តំបន់​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត​។​ ​លោក​លឹមគានហោរដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៨បានអនុញ្ញាត​ឧ្យ​លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​សហការី ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​នៅក្នុង​ជំនួប​ខាងលើ​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ពិសេស​ចំពោះ​លោក​រដ្ឋមន្ត្រី​ផ្ទាល់ ដែល​បាន​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្តកំពង់ចាម ដែល​តាមរយៈ​ប្រព័ន្ធធារាសាស្ត្រ​ទាំងនេះ បាន​ជំរុញ​ឱ្យ​ការងារ​បង្កបង្កើនផល​របស់​ប្រជាកសិករ​ទទួលបាន​ទិន្នផល​ល្អ ជួយ​លើក​កំពស់​កំរិតជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ ។​ ឆ្លៀត​ក្នុងឱកាស​នេះ​លោក​គួច ចំរើន​បានស្នើ​សុំ​ដល់​លោក​រដ្ឋមន្ត្រី​ឧ្យ​ជួយ​កសាង​ប្រព័ន្ធ​ថ្មីៗ​បន្ថែមទៀត និង​បាន​ស្នើសុំ​នូវ​អនុសាសន៍​មួយចំនួនពី​លោក​រដ្ឋមន្ត្រីដើម្បី​ជា​ទុន​បន្ថែម​សម្រាប់​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ខេត្តកំពង់ចាម​ឧ្យ កាន់តែ​មានការ​រីកចម្រើន និង ក៏បាន​ស្នើសុំ​ការគាំទ្រ​ពី​លោក​រដ្ឋមន្ត្រី​លើ​គម្រោង ដាំ​ត្នោត​ប្រមាណ​ជា​៥.០០០ ដើម នៅ​អម​សងខាង​ទំនប់​បឹង​វា​ម​ស្ថិតនៅ​ក្នុងស្រុក​ស្រី​សន្ធរ​ដើម្បី​ប្រែក្លាយ​ទំនប់​នេះ ឱ្យទៅជា​តំបន់​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត ។​ ​លោក​លឹម គានហោរដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក្រៅពី​បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ខេត្តកំពង់ចាម លោក​ក៏បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដាំ​ដើមត្នោត នៅ​អម​សងខាង​ទំនប់​បឹង​វា​ម​។​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថាគំនិត​ផ្តួចផ្តើម​របស់លោក​អភិបាលខេត្ត​ក្នុង​ការដាំ​ត្នោត​នៅតាម​ជើង​ទំនប់។ លោក​បាន​បញ្ជា​ឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ចុះ​សិក្សា​និង​រៀបចំ​ប្លង់​ដាំ​ដុះ​ជូន​ហើយ​ព្រោះថា​ទន្ទឹមនឹង​ការបង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ ការបង្កើន​នូវ​ភាព​ទាក់ទាញ​របស់​បឹង​ការងារ​បច្ចេកទេស​ក៏ត្រូវ​គិតគូរ​ផងដែរ ដើម្បី​ចៀសវាង​នូវ​ការប៉ះពាល់​ពេលដែល​យើង​ត្រូវធ្វើ​ការថែទាំ ឬ​ជួសជុល​ទំនប់​នាពេលខាងមុខ ។ ​ នៅក្នុង​ឱកាស​ដដែល​នេះ​លោក​លឹមគានហោ បានលើកឡើង​ផងដែរ​ថា​ខេត្តកំពង់ចាមគួររៀបចំ​តំបន់​មួយ​ដែល​បង្ហាញ​ពី​ការផ្សារភ្ជាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទៅនឹង​ដើមត្នោតពោលគឺ​ចាប់តាំងពី​ចំណុច ឡើង​យក​ទឹកត្នោត រហូត​ទៅដល់​ការផលិត​ចេញ​ជា​ស្ករត្នោតនំត្នោតនិងសម្ភារៈប្រើប្រាស់​ផ្សេងៗ​ដែល​ផលិត​ពី​ត្នោត ។​ ​ ​គួរ​រំលឹក​ឲ្យ​ដឹងថា​លោក​គួចចំរើន មានគំនិត​ចង់​ដាំ​ដើមត្នោត​នៅ​ទំនប់​បឹង​វា​ម​នេះ គឺ​តាំងពី​មុនពេល​លោក​មិនទាន់​បានមក​ធ្វើជា​អភិបាលខេត្ត​កំពង់ចាម​ម្ល៉េះ ពោលគឺ​បន្ទាប់ពី​លោក​បាន​ទៅដល់​ការដ្ឋាន​ធារាសាស្ត្រ​នេះ ក្នុងពេល​លោក​នៅ​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាលចុះជួយ​ខេត្តកំពង់ចាម​ហើយ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ការដ្ឋាន​នេះ ដោយ​មើល​ទៅលើ​ផ្ទៃ​បឹង​ឃើញ​មាន​ដំណាំ​ឈូក​និង​ស្រូវប្រាំង​។​ បឹង​វា​ម​ស្ថិតនៅ​ក្នុងស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​នេះ​ត្រូវបាន​គេ​និយាយថា​មាន​ជាប់​ពាក់​ព​ន្ធ័​ទៅនឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​រប​ស់​ស្តេច​កន ដែល​ត្រូវបាន​សត្រូវ​ចាប់ខ្លួន​ក្នុងពេល​មក​បង់​(​សំណាញ់​)​ត្រី​នៅក្នុង​បឹង​នេះ។បឹង​វា​ម​ស្ថិត​នៅមាន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទបុរាណ​មួយ​ដែល​គេ​ហៅថា​ប្រាសាទ​ទួល​បា​សាន​។​ចំពោះ​គម្រោង​ដាំ​(​កប់​)​គ្រាប់ត្នោត​នៅតាម​ជើង​ទំនប់​បឹង​វា​ម​នេះ​ត្រូវបាន​គេ​គ្រោង​ធ្វើ​នៅ​អំឡុង​ពាក់កណ្តាល​ខែមីនា។គ្រាប់ត្នោត​ដែល​ត្រូវ​កប់​នៅតាម​ជើង​ទំនប់​នេះ មាន​ចំនួន​ប្រមាណ​ជា ៥.២៥២​គ្រាប់​៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ