logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ផ្លូវ ១ខ្សែ ប្រវែង ១៨គម ឆ្លងកាត់ឃុំច្បារអំពៅ ស្រុកបាធាយ និងឃុំរាយប៉ាយ ស្រុកកងមាស ត្រូវបានប្រកាសចាប់ផ្ដើមស្ថាបនា
3
15-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

អំណោយ របស់សម្ដេចតេជោ នូវគម្រោងផ្លូវ ១ខ្សែ ប្រវែង ១៨គម ឆ្លងកាត់ឃុំច្បារអំពៅ ស្រុកបាធាយ និងឃុំរាយប៉ាយ ស្រុកកងមាស ត្រូវបានប្រកាសចាប់ផ្ដើមស្ថាបនា ផ្លូវដីក្រួសក្រហម ១ខ្សែ ប្រវែង ១៨គម បាតក្រោម ១៦ម៉ែត្រ ខ្នងលើ ៩ម៉ែត្រ និងកម្ពស់ ចាប់ពី ២ ទៅ ៤ម៉ែត្រ ឆ្លងកាត់ឃុំច្បារអំពៅ ត្រង់ចំណុចភូមិជាលា ស្រុកបាធាយ ឆ្ពោះទៅកាន់ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសទៅដល់អ្នកទទួលផល កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ ។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្ដម គង់ អ៊ាង នាយករង នាយកដ្ឋានកងវិស្វាកម្មក្រសួងការពារជាតិ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានអញ្ជើញប្រកាសចាប់ផ្ដើមសាងសង់ ផ្លូវ ១ខ្សែ ខាងលើ មានប្រសាសន៍បញ្ជាក់ថា ការសាងសង់ផ្លូវនេះឡើង គឺជាការឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋយើង ដែលបានបោះឆ្នោត និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺ បងប្អូនបានបោះឆ្នោតចង់ ឲ្យមានការអភិវឌ្ឍ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ការអភិវឌ្ឍសមិ្ធទ្ធផល ជាផ្លូវ ដូច្នេះ សម្ដេចតេជោ ត្រូវតែកសាងផ្លូវ ជូនបងប្អូន សម្រាប់ប្រើប្រាស់ ។ ឯកឧត្ដម រំលឹកថា កាលពីមុនបងប្អូនបានសុំសម្ដេចតេជោ ឲ្យស្ថាបនាផ្លូវ ចាប់ពីចំណុចភូមិជាលា ទៅដល់ភូមិស្ទឹងឆ្វេង នៃឃុំច្បារអំពៅ ស្រុកបាធាយ ក៏ប៉ុន្តែ ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង ដែលកាលពីមុន ជាផ្លូវរទោះគោ មានលំបាក ចំពោះ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋយើង ទើបសម្ដេចតេជោ សម្រេចផ្ដល់ជូនជាចំណងដៃ នូវផ្លូវដីក្រួសក្រហម ១ខ្សែ ប្រវែង ១៨គម នេះឡើង រហូតទៅដល់ឃុំរាប៉ាយ នៃស្រុកកងមាស តែម្ដង ។ ក្រៅពីនោះ សម្ដេច ក៏បានផ្ដល់ជាស្ពាន ចំនួន ២កន្លែង ទៀត ផងដែរ ដើម្បី តភ្ជាប់ផ្លូវ ១ខ្សែ នេះ ងាយស្រួលប្រជាពលរដ្ឋយើង ទុកប្រើប្រាស់ ។ ដោយឡែក ឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលចង់បានប្រឡាយ អមសង្ខាងផ្លូវ បន្ថែមលើគម្រោងផ្លូវ ដើម្បី បានទឹកស្រោចស្រពដីស្រែប្រាំង និងដំណាំផ្សេងៗនោះ ឯកឧត្ដម គួច ចំរើន ក៏បានបញ្ជាក់ ទៅដល់ប្រជាពលរដ្ឋ ដែលជាអ្នកទាំងទទួលផលប្រយោជន៍ទាំងអស់ ត្រូវមានការលះបង់បន្ថែមទៀត ពីព្រោះថា ប្រឡាយស្នើសុំនាពេលនេះ វាពុំមាននៅក្នុងគម្រោងដែលគ្រោងហើយនោះឡើយ ។ អញ្ចឹងទេ! សំណើនេះ វាអាស្រ័យទៅលើបងប្អូនឯកភាពគ្នា ពីព្រោះថា ពេលនេះ យើងកំពុងចាប់ផ្ដើមគម្រោង ប្រសិនបើបងប្អូន មានការចែករំលែកដីស្រែបន្ដិចបន្តួច នៃសង្ខាងផ្លូវបន្ថែមទៀតនោះ យើងនឹងអាចស្ដារប្រឡាយ ឲ្យបងប្អូនបាន ។ ចំពោះ ប្រជាពលរដ្ឋ នៅក្នុងភូមិផ្សេងៗទៀត ដែលស្នើសុំឲ្យមានការកសាងផ្លូវ នៅក្នុងភូមិរបស់ខ្លួន ឯកឧត្ដម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងអភិវឌ្ឍ នៅគ្រប់ទីកន្លែង ទៅតាមជំហ៊ានគីង្គក់ កត្តាសំខាន់ គឺសូមឲ្យប្រជាពលរដ្ឋទាំងអស់ មានការជំនឿជឿជាក់ និងបន្តការគាំទ្រ ចំពោះ សម្ដេចតេជោ ក្នុង ២០១៨ នេះ និងអណត្តិក្រោយៗ បន្តទៀត ពីព្រោះថា បើមានសម្ដេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍន៍ គ្រប់ទីកន្លែង ។ សូមបញ្ជាក់ដែរថា គម្រោងផ្លូវ ១ខ្សែ ខាងលើនេះ គ្រោងនឹងបើកការដ្ឋានស្ថាបនា នាពេលឆាប់ៗខាងមុខ ពោលគឺរង់ចាំតែ ការប្រមូលផលស្រូវប្រាំង របស់ប្រជាកសិករ ប៉ុណ្ណោះ ។ បច្ចុប្បន្ន គ្រឿងចក្រ របស់កងវិស្វាកម្មក្រសួងការពារជាតិ កំពុងចាប់ផ្ដើមគម្រោងជាបណ្ដើរៗ ដោយអនុវត្ត ចំពោះ ទីតាំងណា ដែលបងប្អូនប្រជាកសិករយើង បានច្រូតកាត់ហើយ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម ( ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ