ផ្លូវបេតុង និងផ្លូវដី រួមជាមួយនឹងសមិទ្ធផលផ្សេងទៀត ចំណាយទឹកប្រាក់ជិត ៧ម៉ឺនដុល្លារសហរដ្ឋអាមរិក ក្រោមការដឹកនាំរបស់ ព្រះញាណសំវរ ស៊ឹម សយ៉ុង ព្រះចៅអធិការវត្តសារ៉ាវន្តតេជោ រាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទ នៅភូមិអណ្ដូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ត្រូវបានប្រារព្ធពិធីបុណ្យដារឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។
លោក កៅ ប៊ុនណាត អភិបាល ស្រុកបាធាយ មានប្រសាសន៍ថា សមិទ្ធផលនានា ដែលសម្រេចបាន នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មាន ៖ ១.សាលាបុណ្យ ១ខ្នង ចំណាយទឹកប្រាក់ចំនួន ១៤.៨០០ដុល្លារ ។ ២.សាងសង់ចេតិយ ១កន្លែង ចំណាយទឹកប្រាក់ចំនួន ៣៣.៣០០ដុល្លារ ។ ៣.សាលាឆទាន ២កន្លែង ចំណាយទឹកប្រាក់អស់ ៦.០០០ដុល្លារ ។ ៤.ស្រះទឹក ១កន្លែង ចំណាយទឹកប្រាក់ចំនួន ៤.០០០ដុល្លារ ។ ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១.៣៨០ម៉ែត្រ ចំណាយទឹកប្រាក់ ១.៥០០ដុល្លារ ។ និងផ្លូវបេតុង ១ខ្សែ ប្រវែង ៣,៥០ម៉ែត្រ ចំណាយទឹកប្រាក់ចំនួន ៩.០០០ដុល្លារ ដែលសរុបរួមអស់ទឹកប្រាក់ ចំនួន ៦៨.៦០០ដុល្លារ ។
ឯកឧត្ដម គួច ចំរើន បានថ្លែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ទឹកព្រះទ័យសន្ដោសប្រណី របស់ព្រះញាណសំវរ ស៊ឹម សយ៉ុង រួមជាមួយសប្បុរសជន គ្រប់ទិសទី បានដឹកនាំកសាងសមិទ្ធផលនានា រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការដោះស្រាយនូវការលំបាក និងសំណូមពរ ប្រជាពលរដ្ឋ ជាពិសេ ការកសាងនូវសមិទ្ធផលជាច្រើន សន្ទឹកសន្ធាប់ ទុកប្រើប្រាស់ជាគុណប្រយោជន៍ របស់ប្រជាពលរដ្ឋ ពុទ្ធរិស័ទ នៅក្នុងភូមិអណ្ដូងស្នាយ ឃុំជើងព្រៃ នាពេលនេះ និងតទៅថ្ងៃអនាគត ។ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា កន្លងទៅបញ្ហាអាណាចក្រ និងពុទ្ធចក្រ នៅកម្ពុជា គឺភាគច្រើន ផ្នែកអាណាចក្រ ជាអ្នកជួយផ្គត់ផ្គង់ និងជ្រោមជ្រែង ទៅដល់ផ្នែកពុទ្ធចក្រ ក៏ប៉ុន្តែ ពេលនេះ ដោយសារតែភាពរឹងមាំ និងលទ្ធភាពគ្រប់គ្រាន់ នៃផ្នែកពុទ្ធចក្រ ក៏បានបង្វែទិស មកជួយខាងផ្នែកអាណាចក្រវិញ ជាពិសេស ការកសាង ស្រះទឹក ផ្លូវ ជាដើម ដើម្បី ទុកជូនរាជរដ្ឋាភិបាល អាជ្ញាធរ និងប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ ទៅវិញ ។ តាមរយៈ សមិទ្ធផលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ទំនាក់ទំនង រវាងផ្នែកព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រ គឺពុំអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ។ លើសពីនេះទៅទៀតនោះ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង បានចែងច្បាស់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ។ ដូច្នេះ ព្រឹត្តិការណ៍ថ្ងៃនេះ គឺបានបង្ហាញនូវសកម្មភាព និងទិសដៅស្របគ្នា នៃកិច្ចដំណើរការអភិវឌ្ឍសង្គមជាតិជាមួយគ្នា ដែលជម្រុញឲ្យសង្គមកម្ពុជា កាន់តែរីកចំរើនជឿនលឿនទៅមុខ ទ្វេរឡើង ។ ឯកឧត្ដម គួច ចំរើន លើកឡើងថា វឌ្ឍនភាពទាំងអស់នេះ គឺពិតជាការចូលរួមចំណែក ដើម្បី ផ្ដល់នូវសេចក្ដីសុខ និងសេចក្ដីចំរើន ក៏ដូចឱកាសប្រគេនព្រះតេជគុណគ្រប់ព្រះអង្គ និងពុទ្ធរិស័ទ ទាំងអស់ ក៏ពិតមែន ក៏ប៉ុន្តែ យើងទាំងអស់គ្នា ក៏មិនត្រូវបំភ្លេចឡើយ នូវសារៈសំខាន់ នៃកត្តាសន្តិភាព ដែលបានមកពីថ្ងៃ ៧មករា ដែលកម្ពុជាទាំងមូល បានរំដោះប្រទេស រួចចាកផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋនៅទូទាំងកម្ពុជាយើង នឹងចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៣៩ នៃថ្ងៃជ័យជំនះ ៧មករា នៅទូទាំងប្រទេស ផងដែរ ។ ដោយឡែក ជាមួយនឹងសមិទ្ធផលទាំងអស់នេះ ចាប់ពីសម្ពោធហើយនោះ ក៏សំណូមពរទៅដល់ អាជ្ញាធរ និងប្រជាពលរដ្ឋ ជាពុទ្ធរិស័ទ នៅក្នុងមូលដ្ឋាន ដែលទទួលបានផលប្រយោជន៍ទាំងអស់ ចូលរួមថែរក្សា ឲ្យបានល្អប្រសើរ ។
ផ្សារភ្ជាប់ជាមួយនឹង ការប្រារព្ធពិធីខាងលើនេះដែរ ព្រះគ្រូញាណសំវរ ស៊ឹម សយ៉ុង ក៏បានរៀបចំនូវអំណោយសម្រាប់ប្រជាពលរដ្ឋ ដែលបានចូលរួម ចំនួន ៥០០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល សិស្សានុសិស្សវិទ្យាល័យជើងព្រៃ ១០០នាក់ ម្នាក់ៗថវិកា ៥ពាន់រៀល និងលោកគ្រូ អ្នកគ្រូ ១០នាក់ ដោយម្នាក់ៗថវិកា ៣ម៉ឺនរៀល ផងដែរ ៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី០៤ ខែមករា ២០១៨)