logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីចាប់ឆ្នោតទទួលលេខរៀងផ្ទះជូនគ្រួសារអតីតយុទ្ធជនជំហានទីពីរ
151
22-October-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង មានរៀបចំពិធីចាប់ឆ្នោតទទួលលេខរៀងផ្ទះជូនគ្រួសារអតីតយុទ្ធជនជំហានទីពីរ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និង ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

      អញ្ជើញចូលរួមក្នុងក្នុងកិច្ចប្រជុំនេះមាន លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ មន្ត្រីរាជការពាក់ព័ន្ធ និងបងប្អួនគ្រួសារអតីតយុទ្ធជនដែលជាមុខសញ្ញាទទួលបានដី និងផ្ទះ ក្រោមគម្រោងសម្បទានដីសង្គមកិច្ច។

      មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ហែម ពិសិដ្ឋ បានលើកឡើងថា តាមរយៈសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គួរជាទីមោទកភាព។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុក ដាក់ចំពោះសុខទុក្ខប្រជាជនទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានជីវភាពក្រីក្រ ។ ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីចែកដី និងផ្ទះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រក្នុងជំហានទី១ ចំនូន ២០០ ខ្នងផ្ទះ បានដោយជោគជ័យ មានការកោតសរសើរពីរាជរដ្ឋាភិបាល និងមហាជនទូទៅ។

      ឯកឧត្តមបន្តថា យើងបានធ្វើរួចហើយកាលជំហានទី១ ដោយសារមកពីការខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពីក្រុមការងារ និងរដ្ឋបាលខេត្តស្វាយរៀង។ ហើយក្នុងជំហានទី២នេះ រាជរដ្ឋាភិបាលនឹងចែកដី និងផ្ទះ ចំនួន ២០០ ខ្នងបន្ថែមទៀតស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ជូនគ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់។

      លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ក្នុងជំហានទី២នេះ ការសាងសង់ផ្ទះ ២០០ខ្នង លើផ្ទៃដីទំហំជាង ៩៨ហិកតា ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបានចាប់ដំណើរការសាង់សង់ចាប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន លទ្ធផលសម្រេចបានចំនួន ១០៧ខ្នងផ្ទះ ក្នុងនោះ ៖
- ផ្ទះចំនួន ៨៩ខ្នង បានសាងសង់រួច ១០០%
- ផ្ទះចំនួន ១០ខ្នង បានឡើងគ្រោងដែក
- ផ្ទះចំនួន ០៨ខ្នង បានជីកគ្រឹះចាក់សសរ
ការសាងសង់ផ្ទះក្នុងជំហានទី២នេះ នឹងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងខែធ្នូ ឆ្នាំ២០១៩ នេះ។

      លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អានអនុក្រឹត្យលេខ ១៩ អន ប្រ.ក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្ដីពីសម្បទានដីសង្គមកិច្ច(អានជំពូកទី៥) និងគំរូកិច្ចសន្យាប្រគល់ និងទទួលយកដី និងផ្ទះ នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

      ឯកឧត្តម បេង ហុងសុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានប្រគល់ដីសម្បទានសង្គមកិច្ច ទំហំ ៤០ម X ៥០ម និងផ្ទះប៊ិតរចនាបថខ្មែរទំហំ ៦.៥ ម x ៧.៣ ម ធ្វើពីសរសរបេតុងអាម៉េ ផ្នែកខាងក្រោម និងផ្នែកខាងលើក្រាលស្មាបត ជញ្ជាំងស្មាបត ប្រក់ក្បឿង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រ។ ផ្ទះនេះកសាងឡើងតាមលក្ខណៈបច្ចេកទេសដែលមានភាពធន់នឹងគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)។ ផ្អែកតាមលក្ខខ័ណ្ឌ ក្រោយពីទទួលមានដី និងផ្ទះរួចហើយ ម្ចាស់ផ្ទះត្រូវទៅស្នាក់នៅឲ្យមានញឹកញាប់ ឬជាអចិន្ត្រៃយ៍ ព្រមទាំងមុនរយៈពេល០៥ឆ្នាំ មិនអាចលក់ដូរ និងផ្ទេរកម្មសិទ្ធិជូនអ្នកផ្សេងបានឡើង។ ត្រូវយកចិត្តទុកដាក់ក្នុងការ ដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពគ្រួសារផងដែរ៕

ប្រភព៖ រដ្ខបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ