នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នេះ មានករណីសិស្សសាលាវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ដួលសន្លប់នៅក្នុងពេលកំពុងសិក្សា ។ ភ្លាមៗនេះដែរក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត បានចុះជួយសង្គ្រោះ និងដឹកសិស្សទាំងនោះយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អកខេត្ត ។ ក្រោយកើតហេតុភ្លាមៗនេះដែរ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងឯកឧត្តម លន់ សុភាព អភិបាលខេត្តស្តីទី បានចុះពិនិត្យដល់ទីតាំងសាលារៀនផ្ទាល់ផងដែរ ។ ក្រោយពិនិត្យ វិនិច្ឆ័យពីក្រុមគ្រូពេទ្យ បង្ហាញថា មូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះ បណ្តាលមកពីសិស្សានុសិស្សនោះ ខ្វះជាតិស្ករ និងជាតិកាល់ស្យូម ហើយមិត្តភក្រ្តដ៏ទៃទៀតឃើញសភាពបែបនេះមានការភិតភ័យ រួមផ្សំជាមួយសុខភាពខ្សោយបណ្តាលឲយមានការខ្យល់ចាប់ ដួលសន្លប់បន្ត ។ ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាល សិស្សានុសិស្សទាំងនោះមានសុខភាពធម្មតា និងវិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ។ បច្ចុប្បន្នកម្លាំងជំនាញ និងក្រុមគ្រូពេទ្យកំពុងសិក្សាបន្ថែមលើមូលហេតុនេះ ។ អាស្រ័យហេតុនេះ សូម មាតា បិតា អាណាព្យាបាលសិស្ស សូមកុំមានការបារម្ភ ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧)