logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់នូវរាល់អំពើ អបាយ មុខផ្សេងៗ ជាពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ នៅឲ្យឆ្ងាយពីគ្រឿងញៀន នាព្រះរាជពិធីកាត់ឫសសីមាព្រះវិហារថ្មី វត្តសន្តិមារាម
8
30-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាអធិបតី ក្នុងព្រះរាជពិធីកាត់ឫសសីមាព្រះវិហារថ្មី វត្តសន្តិមារាម ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
       នៅក្នុង ពិធី សម្ពោធ ឆ្លង និង កាត់ ឫសសីមាព្រះវិហារ វត្តសន្តិមារាម នេះផងដែរ ក៏មានការនិមន្ត ចូលរួម ពី សំណាក់សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង ពុទ្ធបរិស័ទ ជិត ឆ្ងាយ យ៉ាងច្រើនកុះករផងដែរ ។
      ក្នុងឱកាសទូលថ្វាយរបាយការណ៍ស្វាគមន៍ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះពុទ្ធសាសនាមិនគ្រាន់តែជាទីគោរពសក្ភារះបូជាបុណ្ណោះទេ គឺជាប្រភពបណ្តុះនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ហើយបើតាមប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា ទីអារាម រួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាស្របនឹងស្ថានភាពសង្គមជាតិកំពុងតែរីកចម្រើន បានបង្ករលក្ខណះសម្បត្តិដល់សកម្មភាពព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍន៏វិស័យនេះ អោយមានរីកចម្រើនដូចវិស័យដទៃទៀត សក្តិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរិស័ទ ជាក់ស្តែងនៅខេត្តប៉ៃលិន ដែលជាខេត្តបញ្ចប់សង្គ្រាមក្រោយគេ គឺបច្ចុប្បន្ន មានវត្តចំនួន ៣១ មណ្ឌលវិបស្សនាធុរៈចំនួន ១ ក្នុងនោះគណៈមហានិកាយចំនួន ២៥វត្ត គណៈធម្មយុត្តិកនិកាយចំនួន ០៦វត្ត មានសាលាធម្មវិន័យចំនួន ៩កន្លែង សាលាពុទ្ធិកបឋមសិក្សាចំនួន ០៩កន្លែង និងសាលាពុទ្ធិកអនុវិទ្យាល័យចំនួន ០១កន្លែង។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជា សាសនា របស់រដ្ឋ គឺត្រូវស្គាល់បុណ្យ ស្គាល់បាប និងត្រូវចូលរួមទប់ស្កាត់នូវរាល់អំពើ អបាយ មុខផ្សេងៗ ជាពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។
      នៅក្នុងឱកាសនោះដែរ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាន មាន ព្រះសង្ឃដីកា ថា៖ រាជ រដ្ឋភិបាល កម្ពុជា ដែល ដឹកនាំ ដោយ សម្ដេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តែងតែ គោរព សិទ្ធិ សេរីភាព របស់ ប្រជាពលរដ្ឋ ខាង ជំនឿ និង ការគោរព ពុទ្ធសាសនា និង សាសនា ដទៃទៀត ដោយ គ្មាន ការរើសអើង ។ សម្តេចព្រះអភិសិរីសុគន្ធា បាន មានព្រះ សង្ឃដីកាបញ្ជាក់ថា៖ ទំនាក់ទំនង រវាង ជំនឿ សាសនា និង ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ពិតជា មិន អាច កាត់ផ្ដាច់ បាន ឡើយ ហើយ ប្រជាជន កម្ពុជា ចាត់ទុក វិស័យ ព្រះពុទ្ធសាសនា គឺជា ផ្នែក មួយ នៃ អត្តសញ្ញាណ ជាតិ ដែល មានចែង ក្នុង រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ កម្ពុជា ថា៖ ព្រះពុទ្ធសាសនា គឺ ជា សាសនា របស់ រដ្ឋ ។
      សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល អបអរសាទ ព្រមទាំងថ្លែងព្រះអំណរគុណ និងអរគុណ ចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ជាពិសេសព្រះវិហារថ្មី ដែលកើតចេញពីការខិតខំ ក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងវត្តសន្តិមារាមនេះ។ សម្តេចព្រះរាជតំណាង បានមានប្រសាសន៍បញ្ជាក់ថា៖ សមិទ្ធផលទាំងអស់នេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ 
      បើតាមសង្ឃដីការរបស់ព្រះគ្រូធម្មកដ្ឋាធិរាជ សាន លី ព្រះមេគណគណៈធម្មយុត្តិក និ កាយ និង ព្រះចៅអធិការវត្តសន្តិមារាម ហៅវត្តអូរច្រាបានឱ្យដឹងថា៖ ព្រះវិហារថ្មីនេះ មានទទឹងប្រវែង ១២ ម៉ែត្រ និងបណ្ដោយ ២៤ម៉ែត្រ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៣៥០០០ ដុល្លារអាមេរិក ។
 

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ