logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សមត្ថកិច្ចខេត្តសៀមរាប បានប្រគល់លិខិតឆ្លងដែនដល់ជនរងគ្រោះជនជាតិ អ៊ីរ៉ង ក្រោយពេលដែលចាប់បានជនសង័្សយ
4
30-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      សមត្ថកិច្ចខេត្តសៀមរាប បានប្រគល់លិខិតឆ្លងដែន និងឯកសារ ជូនដល់លោកស្រី FATEMEH ARABSHEIKH ភ្ញៀវទេសចរជនជាតិ អ៊ីរ៉ង ដែលជាជនរងគ្រោះដោយករណីចោរឆក់កាបូប។ ដោយមានវត្តមានចូលរួម ពីតំណាងរដ្ឋបាលខេត្ត ស្នងការរងនៃស្នងការនគរបាលខេត្ត នគរបាលទេសចរណ៍ខេត្ត និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នាថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

      សូមបញ្ជាក់ថា សមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានឆក់កាបូបភ្ញៀវជនជាតិអ៉ីរ៉ង់ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នេះ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានទៅចាប់បានជនសង្ស័យ ព្រមទាំងបានអញ្ជើញជនរងគ្រោះទៅចង្អុលបង្ហាញជនសង្ស័យ។

      ក្នុងនោះជនសង័្សយទី១ ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ទី២ ឈ្មោះ រ៉េត មករា ភេទ ប្រុស អាយុ២៣ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង័្សយទាំងពីរត្រូវបានឃាត់ខ្លួន កាលពីទី២៧ ខែឧសភា ឆ្នាំ២០១៩។

      ជនសង្ស័យបានសារភាព ហើយកម្លាំងសមត្ថកិច្ចជំនាញ ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលគោកចក បានចុះទៅធ្វើការរុករកកាបូបនោះ នៅតាមព្រៃទៅអង្គរ ជនសង្ស័យបានបោះចោលសម្ភារៈ ដែលឆកយកបានពីជនរងគ្រោះ។ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានរកឃើញនូវលិខិតឆ្លងដែន និងឯកសារមួយចំនួន របស់ជនរងគ្រោះ។

      ក្រោយពីការប្រគល់លិខិតឆ្លងដែន និងឯកសារ លោកស្រី FATEMEH ARABSHEIKH ជាជនរងគ្រោះ ក៏បានសម្តែងការសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើង។

      លោកស្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាកម្លាំងសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ចំពោះរូបលោកស្រី ជាជនរងគ្រោះ។ លោកស្រី សុំឲ្យតុលាការនៅកម្ពុជា ផ្តន្ទាទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

      រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់លំដាប់ និងសំដែងនូវការសោកស្តាយចំពោះជនរងគ្រោះ ព្រមទាំងស្នើសុំការសហការពីសាធារណជន មេត្តាចូលរួមរាយការណ៍មកសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានក្នុងករណីដែលមានករណីសង្ស័យ ឬហេតុការណ៍កើតឡើងនានានៅតាមមូលដ្ឋាន៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ