លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការដោះស្រាយទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋនៅឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ថ្ងៃពុធ ១១ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ១៩៩៣ ដីទំហំប្រមាណ ១៧០,០០០ ហិកតា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឧទ្យានជាតិបូទុមសាគរ នៅឆ្នាំ២០០៧ រាជរដ្ឋាភិបាលបានសម្រេចជួលដីឧទ្យានជាតិនេះចំនួន ៣៦,០០០ ហិកតា ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៃខេត្តកោះកុង ទៅក្រុមហ៊ុនយូញៀនវិនិយោគតំបន់វិស្សមកាលតារាសាគរ ដោយបាននិរាករណ៍ឯកសារកាន់កាប់ដីធ្លីទាំងអស់ តាមរយៈអនុក្រឹត្យ និងដីការបស់រដ្ឋបាលខេត្តកោះកុង។ ដោយឡែក ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការជួលដីនេះ រាជរដ្ឋាភិបាលបានកាត់ដីចំនួន ៩,៣០៦ ហិកតា ចេញពីឧទ្យានជាតិ និងធ្វើអនុបយោគ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្តែង នៅស្រុកបូទុមសាគរ និងស្រុកគិរីសារ និងដីដែលនៅសេសសល់ពីការបែងចែកនេះត្រូវទុកជាដីសាធារណៈរបស់រដ្ឋ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកោះកុង