logo
Header Logo
ព័ត៌មានលម្អិត
thumbnail
​ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប អញ្ជើញចូលរួម​សិក្ខាសាលាពិគ្រោះយោបល់​ក្នុងការរៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហឹង្សាលើស្រី្តលើកទី៣ (២០១៩-២០២៣)
1
23-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃ​គណៈ​អភិបាល​ខេត្តសៀមរាប បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់​ក្នុងការរៀបចំសេចក្តី​ព្រាងផែន​ការសកម្មភាពជាតិស្តីពី “ ការទប់ស្កាត់អំពើហឹង្សាលើស្រី្តលើកទី៣ (២០១៩-២០២៣) ”  ដែលរៀប​ចំដោយក្រសួងកិច្ចការនារី សហការជាមួយអង្គការ UN Women និងអង្គការ UNFPA ។

     លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា បានចាត់​ទុកថា “ ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ” ហើយមានការ​ប្តេជ្ញាចិត្តខ្ពស់​ក្នុងការប្រយុទ្ធប្រឆាំង​នឹងអំពើហឹង្សាលើស្រ្តី  ដោយបានដាក់​ជាចំណុចគោលដៅអភិវឌ្ឍន៍ជាតិ និងបានជំរុញឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ គោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសង្គម ធានាការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រ្តី និងកុមារ។ លោកស្រីបានបន្ថែមថា ផែនការយុទ្ធសាស្រ្ត​នារីរតនៈក្នុងវិស័យ « កិច្ចការពារផ្លូវច្បាប់ចំពោះស្រ្តី និងក្មេងស្រី » បាននឹងកំពុងជំរុញ​បណ្តាញ​ការងារ​របស់​​ខ្លួនពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្នុងការជួយដោះស្រាយបញ្ហារបស់ស្រ្តី និងកុមារ  និងអន្តរា​គមន៍ទាន់ពេលវេលា ដល់ជនរងគ្រោះដោយអំពើហឹង្សា ដែលមានការសម្រប​សម្រួលជា​ពហុវិស័យ។ លោកស្រីបានបញ្ជាក់ដែរថា ការបញ្ឈប់អំពើហឹង្សាលើស្រ្តី​គឺអាចធ្វើទៅបានតាម​រយៈការឆ្លើយតប​ជា​ពហុវិស័យទាមទារឱ្យមានការចូលរួមរបស់អ្នកពាក់ពន្ធ័រួមទាំងស្រ្តីខ្លួនឯងផងដែរ។

      លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ តំណាងលោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមាន​ប្រសាសន៍ថា ដោយផ្អែកលើ ការអង្កេតថ្នាក់ជាតិលើសុខភាព និងបទពិសោធន៍ក្នុងជីវិតរបស់ស្រ្តី នៅ​ឆ្នាំ​២០១៥ បានបង្ហាញថា៖ ក្នុងចំណោមស្រ្តីអាយុ ១៥ឆ្នាំ ដល់៦៤ឆ្នាំ  មាន៥នាក់ ដែលធ្លាប់មាន​ទំនាក់​ទំនងក្នុងនោះមាន១នាក់រាយការណ៍ថា ធ្លាប់ទទួលរងអំពើហឹង្សាផ្លូវកាយ និង/ឬផ្លូវភេទ ពីសំណាក់ដៃ គូស្នេហា។ លោកជំទាវបន្តថា ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហឹង្សាប្រកបដោយប្រសិទ្ធភាព ក្រសួងកិច្ចការនារី បានគ្រោងរៀបចំផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តី លើក​ទី៣ សម្រាប់ ឆ្នាំ ២០១៩- ២០២៣ ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពី UN WOMEN និង UNFPA ក្នុងគោលបំណង ដើម្បីបន្តអនុវត្តការទប់ស្កាត់ និងឆ្លើយតបចំពោះករណីអំពើហឹង្សាលើស្រ្តី ក្នុងការទាម​ទារ​ឱ្យមានការប្រើប្រាស់អភិក្រមអន្តរវិស័យគ្រប់ជ្រុងជ្រោយមួយ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ​អំពើហឹង្សាលើស្រ្តី ដោយផ្អែកលើរបាយការណ៍ពាក់កណ្តាលអាណត្តិ ដែលបានកំណត់ពីបញ្ហាប្រឈម​ដែលត្រូវដោះស្រាយ និងសកម្មភាពអាទិភាពដែលនៅសេសសល់ សម្រាប់បន្តការអនុវត្តផែនការ​សកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣ (២០១៩-២០២៣)៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ