logo
Header Logo
ព័ត៌មានលម្អិត
thumbnail
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខសាធារណៈរបស់ខេត្ត
5
23-May-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ អយ្យការអមសាលាដំបូង មន្ទីរ អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក នាថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២១៩។

      ក្នុងនោះឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល បានដាក់នូវរបៀបវារៈកិច្ចប្រជុំ ហើយកិច្ចប្រជុំនេះ ដោយផ្តោតទៅលើកត្តាសំខាន់ ក្នុងការយកចិត្តទុកដាក់ពង្រឹងបន្ថែមលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត, ការរៀបចំនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ, បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

      បន្ទាប់ពីកងឯកភាពធ្វើសេចក្តីរាយការណ៍ អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់អង្គភាពប្រដាប់អាវុធទាំងបី និងសេចក្តីរាយការរបស់អស់លោក លោកស្រី ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក  កត្តាសំខាន់ផ្តោតលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ នាថ្ងៃខាងមុខនេះ។

      ឆ្លងតាមកិច្ចពិភាក្សានៃកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហាបានធ្វើការបូកសរុប ដោយធ្វើការវាយតម្លៃខ្ពស់ ពីរបាយការណ៍តាមបណ្តាកងឯកភាព គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដែលបានលើកឡើងផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានដាក់នូវបទបញ្ជា និងវិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងការធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

      ឯកឧត្តមក៏ស្នើឲ្យគ្រប់កងឯកភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមនូវការងារសន្តិសុខទូទាំងខេត្ត ជាពិសេសចលនា ដែលញុះញង់បង្ករអសន្តិភាពដល់សង្គមជាតិ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ  និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ព្រមទាំងធ្វើការត្រួតពិនិត្យនូវ រាល់ព័ត៌មានបំពុលសង្គម តាមគេហទំព័រនៅក្នុងភូមិសាស្ត្រខេត្ត និងពង្រឹងឲ្យខាងតែបានលើការងារសន្តិសុខនៅតាមទីប្រជុំជន និងទីកន្លែងសក្ការៈបូជា ដែលជាគោលដៅរបស់ក្រុមជនសង្គមងងឹតធ្វើសកម្មភាព បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម។ ម៉្យាងទៀតគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់អំពីធនធានធម្មជាតិនៅភ្នំគូលេន នឹងបឹងទន្លេសាប ព្រមទាំង លើកនូវទិសដៅការដាំកូនឈើ នៅភ្នំគូលែន ស្រុកស្វាយលើ ដោយមន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរស្រុក កំណត់ទីតាំងដាំកូនឈើនៅខែខាងមុខនេះ។

      ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ ចំពោះបញ្ហាគ្រឿងញៀន គឺត្រូវកំណត់មុខសញ្ញាអ្នកញៀន នឹងក្លាយទៅជាអ្នកធ្វើសកម្មភាព ក្នុងការជួញគ្រឿងញៀន និង ត្រូវមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការកំណត់ឲ្យបាននូវមុខសញ្ញា និងត្រូវប្រឆាំងទប់ស្កាត់ឲ្យខាងតែបាន ចំពោះក្រុមធ្វើបដិវត្តពណ៌ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

      ឯកឧត្តមក៏បានបញ្ជាក់ថា គ្រប់បណ្តាក្រុង ស្រុក ត្រូវអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល ឲ្យបានម៉ឹងម៉ាត់ នឹងមានកិច្ចសហការគ្នាឲ្យបានល្អ រវាងស្រុក ខេត្ត ព្រមទាំងធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន និងត្រូវយកចិត្តទុកដាក់សុខភាព សុវត្ថិភាព សន្តិសុខចំពោះបងប្អូនជាអង្គបោះឆ្នោតគ្រប់បណ្តាឃុំ សង្កាត់ឲ្យបានល្អ រហូតដល់ការបោះឆ្នោតអសកលនៅថ្ងៃខាងមុខនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ