នៅថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ លោកស្រីអភិបាលរងខេត្តកោះកុង បានគូសបញ្ជាក់ថា អំពើហិង្សាលើស្ត្រី គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការរើសអើង និងការមិនផ្ដល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។ ជាពិសេសស្ត្រីកម្ពុជា នៅតែទទួលអំពើហឹង្សាទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច ទាំងក្នុងនិងក្រៅផ្ទះ កន្លែងធ្វើការ នៅតាមផ្លូវ ឬនៅតាមទីសាធារណៈ។ អំពើហិង្សានៅក្នុងគ្រួសារ និងអំពើហិង្សាលើស្ត្រី បានកំពុងតែកើតមានស្ទើររាល់ថ្ងៃ ហើយអំពើហិង្សាទាំងនេះកើតឡើងគ្រប់ស្រទាប់វណ្ណៈ ទោះបីអ្នកមាន អ្នកក្រ អ្នកមានចំណេះដឹងខ្ពស់ ឬអ្នកមានចំណេះដឹងក៏ដោយ ហើយភាគច្រើនជនរងគ្រោះនៃអំពើហិង្សាទាំងអស់នោះគឺជាស្ត្រី និងក្មេងស្រី ជាអ្នករងគ្រោះច្រើនជាងគេបំផុត ហើយបញ្ហាទាំងនេះ ដោយសារតែបុរសមួយចំនួនយល់ថាខ្លួនឯងខ្លាំង និងមានអំណាចទៅលើស្ត្រីដោយសារតែកត្តាសង្គម ឱ្យតម្លៃបុរសច្រើនជាងស្ត្រី។ កត្ដាទាំងអស់នេះបានបង្កឲ្យមានភាពលំអៀងនៃយេនឌ័រ ដែលកើតមានឡើងរវាងភេទបុរសនិងស្ត្រី។ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គណៈអភិបាលខេត្តកោះកុង ក៏ដូចជាមន្ទីរកិច្ចការនារីខេត្ត បាននឹងកំពុងធ្វើការយ៉ាងសកម្មដោយមានការចូលរួម និងជួយគាំទ្រពីបណ្ដាមន្ទីរពាក់ព័ន្ធ អង្គការសង្គមស៊ីវិលមួយចំនួនទៀត ក្នុងការផ្ដល់សេវា និងជួយគាំទ្រដល់ស្ត្រី និងក្មេងស្រីដែលទទួលរងអំពើហិង្សា ទទួលបានយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកោះកុង