រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពលោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវ នឹង ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានចូលរួមពី អភិបាលរង ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាលាខេត្ត និងមន្ត្រី ប.ស.ស ជាច្រើនរូប។
លោក ហ៊ី ណាត អភិបាលរងខេត្ត បានអំពាវនាវឲ្យតំណាង ក្រុង ស្រុក មន្ទីរ អង្គភាព ដែលបានចូលរួមនាពេលនោះ ត្រូវយកចិត្តស្ដាប់ការធ្វើបទបង្ហាញ ស្ដីពីខ្លឹមសារ ក៏ដូចជាអត្ដន័យ អត្ថរស ពីមន្ត្រីជំនាញ ចៀសវាង មានការភាន់ច្រឡំដោយប្រការណាមួយ។ បន្ថែមពីនោះ លោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើផងដែរថា៖ ក្រោយពីចប់កិច្ច ប្រជុំនេះទៅ គ្រប់តំណាងទាំងអស់ ដែលមានវត្តមាន នៅថ្ងៃនេះ ត្រូវបន្តផ្សព្វផ្សាយ ពីខ្លឹម សារគោលនយោបាយ នៃការអនុវត្តរបបសន្ដិសុខសង្គម ឲ្យបានទូលំទូលាយ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទឲ្យបានយល់ច្បាស់ ពីអត្ថន័យ គោលបំណង និងវិសាលភាពនៃគោលនយោបាយនេះផងដែរ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង