logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំលើកទី១ ដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំ និងសេចក្ដីសម្រេច របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
12
22-April-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ​នាព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩​​នេះ នៅសាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល​ខេត្ត​ស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១​ ដើម្បីចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសា​ស្ត្រចតុ​កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក​ជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ​កិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ​ថ្នាក់ជាតិចុះមូលដ្ឋាន​ក្រុង-ស្រុក នៃខេត្តស្វាយរៀង សរុបប្រមាណជិត ១.០០០នាក់។

     ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការ​ងារ​​ថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានរាយការណ៍អំពីលទ្ធផលការងារ​សំខាន់ៗដែល​ក្រុមការងារសម្រេចបានរយៈពេលកន្លងមក រួមមានការចុះធ្វើវេទិកាសាធារណៈ ២៧៧លើក មាន​ប្រជាពលរដ្ឋចូលរួមសរុប ៦៥.៥២០នាក់ ស្រី ៣២.១៣៥នាក់ ទទួលបានសំណើ សំណូមពរ ចំនួន ៧៦៩ ដោយបានដោះស្រាយរួច ៥៦២សំណូមពរ ស្មើនឹង ៧៣% ដែលភាគច្រើនជាការកសាង​ហេដ្ឋា​​រចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ លូទឹក ប្រឡាយទឹក ទំនប់បង្ហៀរទឹក ទំនប់សណ្ដរ ការសាង​សង់អគារសិក្សា ពុទ្ធិកបឋមសិក្សា ឧបដ្ឋានសាលា ព្រះវិហារ កុដិ មណ្ឌលសុខភាព មន្ទីរពេទ្យ​បង្អែក អគារសាលាឃុំ និងស្ពានជាដើម ហើយក្រៅពីនេះ បានធ្វើការឆ្លើយបំភ្លឺ និងទទួលយកនូវ​សំណូមពរផ្សេងៗទៀតទៅធ្វើការដោះស្រាយ តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ។

      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម លោក​ជំទាវ លោក លោកស្រី ដែលបានចុះជួយផ្ទាល់តាមមូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយ​ចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពរួមចំណែក​តាមដានការអនុ​វត្ត​កម្មវិធីនយោបាយ  និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដោយបានរួមចំណែក ជួយ​ខេត្តស្វាយរៀងទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេស ការធានាស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍ​លើគ្រប់​វិស័យ។ លោកជំទាវ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារត្រូវទាក់ទងដោយផ្ទាល់​ជាមួយប្រជាជន​នៅមូល​ដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំ​បាក​របស់​ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់​ពេល​វេលា​ប្រកបដោយប្រសិទ្ធភាព  ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។ ក្តាប់ឲ្យបាន​ច្បាស់​លាស់រាល់សំណូមពរ បញ្ហា ប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់​មធ្យោ​បាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផល ត្រូវបន្តអនុវត្តឲ្យជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី ៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដោយ​បន្ត​ការ​អនុវត្តតាមទិសស្លោក "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" និងត្រូវតាមដាន​នូវ​ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់យកមកផ្សព្វផ្សាយបន្ត ដើម្បីប្រសិទ្ធិភាពការងារ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ