នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម លន់ សុភាព អភិបាលខេត្តស្តីទី និងឯកឧត្តម ត្រា នុតស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី កិច្ចការពារ និងការអភិវឌ្ឍកុមារតូច ជាពហុវិស័យ ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅសាលប្រជុំសាលាខេត្ត(អគារD) ។ ថ្លែងបើកសិក្ខាសាលាឯកឧត្តម អភិបាលខេត្តស្តីទី មានប្រសាសន៍ថា កុមារពិតជាត្រូវការជាចាំបាច់នូវអាហាររូបត្ថម្ភ ទីជម្រក ការថែទាំសុខភាព ការព្យាបាល ការអប់រំ កម្សាន្ត ការជួបជុំគ្រួសារ មិត្តភក្ត ការរស់នៅប្រកបដោយសុខដុមរមនា និងសុវត្ថិភាព និងការចូលរួមក្នុងសកម្មភាពសង្គមនានា ។ ដូចពាក្យស្លោកខ្មែរពោលថា កុមារ គឺជាទំពាំងស្នងឬស្សី ក្នុងន័យនេះបង្ហាញឲ្យឃើញថា កុមារនឹងក្លាយជាធនធានរបស់ជាតិដែលមិនអាចខ្វះបាននាពេលអនាគត ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវថែទាំ ទំពាំងទាំងនេះតាំងពីតូចទៅ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអង្គការហ្វ្រេនស៍អ៊ីនធើណាសិនណល Friend International អង្គការយូនីសេហ្វUNICEF ដែលបានសហការជាមួយមន្ទីរសង្គមកិច្ចខេត្ត រៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពកុមារ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារកុមារក្នុងខេត្តភាគឦសាន្ត និងស្វែងរកមធ្យោបាយដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាកុមារឲ្យមានប្រសិទ្ធភាព ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី( ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧)