នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលការសាងសង់ស្ពានតាហោ ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមកដល់ពេលនេះការសាងសង់សម្រេចបាន៨០% ។
បើទោះជាស្ពាននេះមិនទាន់ហើយ១០០% តាមការគ្រោងទុកមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលដល់ក៏ពិតមែន ប៉ុន្តែឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើផ្លូវវាងនៅខាងក្រោមស្ពាន និងអគ្គីសនីស្វាយរៀងរៀបចំប្រព័ន្ធភ្លើងបំភ្លឺផ្លូវនូវចំណុចនេះឲ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង) នឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
តាមការអះអាងរបស់តំណាងក្រុមហ៊ុនទទួលការសាងសង់ស្ពាន បានប្រាប់ឲ្យដឹងថា ស្ថាននេះគ្រោងស្ថាបនារួចរាល់១០០% នាចុងខែឧសភា ខាងមុខ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យការស្ថាបនាស្ពានតាហោ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យមើលការស្ថាបនាច្រាំងទន្លេវ៉ៃគោ ដែលកំពុងរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ និងជាកន្លែងលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ នាថ្ងៃអនាគត ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង