នាព្រឹកថ្ងៃចន្ទ ០៦កើតខែផល្គុនឆ្នាំចសំរឹទ្ធិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានិងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គរវាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យនិងក្រុមហ៊ុន golden rice cambodia co ltd នៅមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តព្រះវិហារ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា សុខហាច អគ្គនាយកក្រុមហ៊ុនហ្គោលដិនរ៉ាយខេមបូឌាខូអិលធីឌី ដែលព្រមព្រាងចុះកិច្ចសន្យានិងកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យក្នុងការប្រមូលទិញស្រូវសរីរាង្គពីបណ្ដាសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារដែលស្រូវសរីរាង្គនេះផលិតឡើងប្រកបដោយស្តង់ដារអន្តរជាតិនិងមានគុណភាពខ្ពស់សម្រាប់នាំចេញទៅក្រៅប្រទេស ។ឯកឧត្តមអភិបាលមានប្រសាសន៍បន្ថែមទៀតថានៅឆ្នាំ ២០១៨ មានសហគមន៍កសិកម្មចំនួន ៣៤ដែលមានសមាជិកជាអ្នកផលិតប្រមាណ ៥.០០០ គ្រួសារបានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គឲ្យក្រុមហ៊ុននាំចេញក្នុងបរិមាណ ១២.០០០ តោនហើយរំពឹងថានៅឆ្នាំ ២០១៩ ការផ្គត់ផ្គង់នឹងកើនឡើងពី១៥.០០០តោនទៅ ២០.០០០ ម៉ឺនតោន។
ឯកឧត្តមអភិបាល មានប្រសាសន៍ស្នើសុំឲ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យនិងក្រុមហ៊ុនហ្គោលដិនរ៉ាយខេមបូឌាខូអិលធីឌីតត្រូវគោរពតាមកិច្ចសន្យាប្រកបដោយភាពស្មោះត្រង់និងការជឿទុកចិត្តគ្នាទៅវិញទៅមកលើការផ្គត់ផ្គង់ស្រូវសរីរាង្គនេះឲ្យមានដំណើរការកាន់តែល្អប្រសើរថែមទៀត។តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងបន្តនៅជាប្រពៃណីដ៏ល្អផូរផង់តទៅទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឱ្យបានជាអតិបរមាតាមទិសដៅអភិវឌ្ឍន៍សហស្សវត្សរ៍នៅកម្ពុជាក៏ដូចជាគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ