logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ប្រជាពលរដ្ឋឃុំអូរតាប៉ោង
2
08-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ឯកឧត្តមបានទុកតួនាទីជាអភិបាលខេត្តនៅដោយឡែក ដោយប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ជាបង ប្អូន កូន ក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចុះសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់តែម្តង ដើម្បីខិតកៀកឲ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនៅសាលាឃុំអូរតាប៉ោង ស្រុកបាកាន ក្នុងឱកាសចុះដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ដីធ្លី៥ករណី ដោយបានការចូលរួមពីតំណាងមេធាវីខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើននាក់ទៀត នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។ សំណូមពរ បញ្ហាប្រឈម និងទំនាស់ដីធ្លី ទាំង៥ករណីនោះ រួមមាន៖ ទី១៖ ទំនាស់ដីស្រែក្រោម តំបន់បឹងមមាញ បឹងដៃពង្រ និងតំបន់ទំនប់តាប៉ិច រវាងមេភូមិអន្លង់ក្រាយ និងប្រជាពលរដ្ឋ២២គ្រួសារ ទី២៖ ទំនាស់ដីធ្លីរវាងឈ្មោះ ឡេង ចិន និងឈ្មោះ ឈិន ឆុន នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ទី៣៖ ទំនាស់ច្រកចូលផ្ទះ រវាងឈ្មោះ ឆៃ ប៉ាន និងឈ្មោះ ជាម ម៉ើល នៅភូមិព្រៃយាង ឃុំអូរតាប៉ោង ទី៤៖ ការរំលោភយកសហគមន៍ផ្គត់ផ្គង់ទឹកស្អាត ទី៥៖ ទំនាស់ដីច្រកចូលផ្សារអូរតាប៉ោង ពីខាងលិច រវាងឈ្មោះ សាយ ឈុនឡេង អាជីវករផ្សារ។

      រាល់សំណូមពរ បញ្ហាប្រឈម និងទំនាស់ដីធ្លី ទាំង៥ករណីខាងលើ ឯកឧត្តម ម៉ៅ ធនិន បានយល់ព្រមឯកភាព និងពិនិត្យដោះស្រាយជូន ទៅតាមលទ្ធភាពជាក់ស្តែង។ ដោយឡែក បញ្ហាទំនាស់ដីស្រែក្រោម តំបន់បឹងមមាញ បឹងដៃពង្រ និងតំបន់ទំនប់តាប៉ិច ឯកឧត្តមបានចាត់ឲ្យអាជ្ញាធរស្រុក សហការជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ចុះពិនិត្យលទ្ធភាពក្រុមគ្រួសារដែលខ្វះខាតពិតប្រាកដ ផ្តល់ជូនដីជាក់ស្តែង។ ឯកឧត្តមបានបង្ហើបឲ្យដឹងថា «ការយល់យោគ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»។ ចំពោះអ្នកជំពាក់លុយគេ ត្រូវសងគេវិញ, អ្នកយកដីគេ ត្រូវឲ្យគេវិញ, បើខ្វះខាតពិតប្រាកដត្រូវសុំគេ និងត្រូវប្រើសម្តីមាស សម្តីពេជ្រ ប្រកបដោយឥរិយាបទថ្លៃថ្នូ ពីដូនតាបន្សល់មក។

        សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយតាមឋានានុក្រមក្រុមគ្រួសារខាងលើ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនអាហារសម្រន់រួមមាននំប៉័ងសាច់ និងទឹកសុទ្ធ សម្រាប់ពិសាជួបជុំគ្នា ក្នុងស្មារតីស្និតស្នាល ព្រមទាំងបានផ្តល់ជូនស្អានបាឡេ ៥កន្លែង ជូនប្រជាពលរដ្ឋ ក្នុងឃុំអូរតាប៉ោង និងបានសម្របសម្រួលដោះស្រាយបណ្តឹងទាក់ទងនឹងការស្អុយលាមកទា ទំនាស់កូនប្រសារប្រុស ជាមួយម្តាយក្មេក ឳពុកក្មេក ករណីស្នើសុំដីផងដែរ៕អែមមី

 

ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ