នៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានប្រារព្វធ្វើខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរ ជាតិ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីរាជការមន្ទីរអប់រំយុវជន និងកីឡាខេត្ត សរុបចំនួន ២០២នាក់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៩ ថា៖ ទិវានារីអន្តរជាតិនាឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ប្រធានបទនេះចំពេលដែលប្រទេសជាតិយើងកំពុងតែមានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាសក្នុងខ្លឹមសារលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹង សមភាពយេនឌ័រ នៅក្នុងសង្គមអោយមានកម្រិតខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនជាវត្ថុអនុស្សាវរីយ៍ដល់មន្រ្តីរាជការក្នុងមន្ទីរផងដែរ៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង