logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មការទី៧ នៃរដ្ឋសភា ប្រជុំអន្តរវិស័យក្នុងខេត្តដើម្បីស្វែងរកបញ្ហាប្រឈមនានា
3
13-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូនៃគណៈកម្មការ ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ និងជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យទាំង៤ ក្នុងបន្ទុករបស់គណៈកម្មការ ដែលដំណើរការនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង។

      ជាលទ្ធផលនៃកិច្ចប្រជុំរវាងគណៈកម្មការទី៧ នៃរដ្ឋសភា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ចប់ទៅយ៉ាងរលូន ដោយឯកឧត្តមប្រធានគណៈកម្មការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងការអភិវឌ្ឍផ្សេងៗ ជាពិសេសការរៀបចំសោភ័ណភាពក្រុង ដោយផ្តោតចំណាប់អារម្មណ៍លើការអនុវត្តការងារយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការជំរុញផែនការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សោភ័ណភាព និងអភិវឌ្ឍតំបន់មាត់ទន្លេ ដើម្បីត្រៀមខ្លួនសម្រាប់ការរៀបចំពិធីបុណ្យទន្លេ ក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

      ជាមួយគ្នានោះដែរ គណៈកម្មការក៍បានកត់សម្គាល់នូវបញ្ហាប្រឈមនៃវិស័យទាំងបួន ដោយក្នុងនោះឯកឧត្តមប្រធានគណៈកម្មការបានស្នើឱ្យរដ្ឋបាលខេត្ត និងមន្ទីរនីមួយៗ បន្តអនុវត្តការងារ បន្តថែរក្សា និងបង្កើតស្នាដៃបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានពីសកម្មភាពដែលខេត្ត និងមន្ទីរបានធ្វើ ក៏ដូចជាសមិទ្ធផលដែលសម្រេចបាន អោយបានទូលំទូលាយ ដោយធ្វើយ៉ាងណាបញ្ជៀសការភាន់ច្រឡំនានាពីសំណាក់សាធារណជនលើហេតុការណ៍ណាមួយដែលកើតឡើងក្នុងខេត្ត។

      ទន្ទឹមនឹងនេះ សម្រាប់វិស័យអប់រំគណៈកម្មការបានស្នើខាងមន្ទីរអប់រំឱ្យផ្តោតចំណាប់អារម្មណ៍លើការអប់រំបីចំនុចសំខាន់រួមមាន៖ ការអប់រំចំណេះដឹង ការអប់រំសីលធម៌ និងការអប់រំមនសិការជាតិ ដល់សិស្សានុសិស្សគ្រប់ៗរូប៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ