logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកំពង់ចាម ស្នើសុំប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវហាត់ទាំងកាយ និងហាត់ទាំងចិត្ត ដើម្បីថែរក្សារំដួល៣ទង
4
12-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃអង្គារ ១២កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានស្នើយ៉ាងទទូច ដោយសុំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវហាត់ទាំងកាយ និងហាត់ទាំងចិត្ត នារាល់ពេលធ្វើលំហាត់ប្រាណម្ដងៗនោះ។ ការទទូចសុំយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាស ដែលអញ្ជើញចូលរួមជាមួយ លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដើម្បីដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនិស្សិត ក្នុងទិវាទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត ជាទីក្រុងផ្ដល់ភាពកក់ក្ដៅ» ដែលរៀបចំដោយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្ត សហការជាមួយសាលាក្រុងកំពង់ចាម។

   លោកស្រី ប៉ាង ដានី លើកឡើងថា អ្នកខ្លះ បានធ្វើលំហាត់ប្រាណរាល់ៗពេល ប៉ុន្តែនៅតែឈឺអត់ឈប់។ នេះក៏ដោយសារតែជម្ងឺខ្លះ កើតឡើងដោយសារតំណរពូជ ហើយជម្ងឺខ្លះទៀត ដោយសារជម្ងឺផ្លូវចិត្ត ឬជម្ងឺស្ត្រេស។ ប្រសិនបើ ចិត្តយើងល្អ ចិត្តយើងស្មោះ វាធ្វើឲ្យសារពាង្គកាយយើង ក៏ល្អដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាបរិស្ថាន ឲ្យបានល្អប្រសើរ ដើម្បីសុខភាពយើងទាំងអស់គ្នា ពីព្រោះថា យើងម្នាក់ៗ គឺជាភ្នាក់ងារអនាម័យ ហើយផ្ដើមចេញពីយើងទាំងអស់គ្នា ធ្វើឲ្យទីក្រុងយើងស្អាត និងជាទីក្រុងដែលគ្មានសម្រាម សាកសមជាទីក្រុងរំដួល ៣ទង ដែលបានមកពីការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

      លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ថា ការដែលទីក្រុងកំពង់ចាមយើង បានទទួលរំដួល ៣ទង វាជាការលំបាកបំផុត ក៏ប៉ុន្តែ ការថែរក្សារំដួល ៣ទង ឲ្យនៅស្ថិតស្ថេរនោះ វារិតតែមានការលំបាកជាងនេះទៅទៀត។ ដូច្នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ក្មួយៗយុវជន ចូលរួម និងសហការ ជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ថែរក្សាអនាម័យ និងបរិស្ថាន ដើម្បី ទីក្រុងយើងស្រស់ស្អាតទាំងអស់គ្នា និងជាទីក្រុងប្រកបដោយសុវត្ថិភាព ខណៈដែលយើងរៀបចំពិធីនាពេលនេះ ដើម្បី ជាផ្នែកមួយ ក្នុងការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទូទៅ បានចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសង្គម។

      សូមបញ្ជាក់ដែរថា បន្ទាប់ពីពិធីជួបជុំ រួចមក អង្គពិធី ក៏បានបែងចែកក្រុមទៅតាមគោលដៅ ដើម្បីប្រមែប្រមូលសំរាម នៅតាមទីសាធារណៈ ដើម្បីទុកជាសារ សម្រាប់បង្ហាញទៅដល់ប្រជាពលរដ្ឋទូទៅផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ